ដោយៈ ចាន់តូ / ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ យ៉ាងលឿន ទៅទាក់ដៃចង្កូត ជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល ហើយក៏មានរថយន្ត មកកិនពីលើ កាលពីវេលាម៉ោង ១២និង៥នាទី យប់រំលង អធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
សពជនជាតិចិននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ខៀវ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ1IM.4311 ចំណែកឯម៉ូតូមួយគ្រឿងទៀត គឺម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HK.0335 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ ជិះម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់វី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងលិច ទៅខាងកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា PCX បើកតាមបណ្ដាយផ្លូវសហព័ន្ធ រុស្ស៊ីក្នុងទិសដៅពីខាងលិច ទៅខាងកើតស្របទិសគ្នា យ៉ាងលឿន បានមកទាក់ ដៃចង្កូតម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់វី បណ្ដាលឲ្យដួល ហើយក៏មានរថយន្ត ពីរគ្រឿង មកកិនចំជនរងគ្រោះ ជាជនជាតិចិន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយរថយន្ដនោះ កិនហើយបានបើកទៅបាត់តែម្តង។ ចំណែកឯអ្នកជិះ ម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់វី បានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង យកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានដឹកយកទៅដំកល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC