ដោយ៖ សាតចាន់បុត្រ / មណ្ឌលគិរី៖ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបង្គោលព្រំដែន១ដើម ថាអាចនឹងដួលរំលំឆាប់ៗ ដែលកើតឡើងដោយសារជំនន់ទឹកភ្លៀង។
លោក នួន សារ៉ន ជាអភិបាលស្រុកកែវសីមា នៅថ្ងៃ ម្សិលមិញ បានដឹកនាំកង កម្លាំងកាពារព្រំដែន ចុះពិនិត្យភ្លាម ត្រង់ចំណុចបង្គោលលេខ៦០/៣៨(១) ចំណុច UTM72079,1340735 ស្ថិតលើព្រំដែនគោក អូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា វៀតណាម។
ក្រោយពិនិត្យឃើញថា បង្គោលលេខ៦០នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀង ធ្វើឱ្យបាក់ដីហូរច្រោះ ខ្វះតែ ០,៤០ ម៉ែត្រទៀត នឹងដល់បង្គោលហើយ។
មកដល់ព្រឹកថ្ងៃទី១០ កក្កដានេះ រស្មីកម្ពុជា ពុំអាចស្វែងរកការបញ្ជាក់បន្ថែម ថាតើនឹងមានការទប់ស្កាត់បែបណា ដើម្បីកាពារបង្គោល កុំឱ្យរលំដោយជំនន់ទឹក ភ្លៀងនេះនោះទេ ពីអាជ្ញាធរពាក់ព័ន្ធ៕/V-PC