ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ តាម​ប្រភពព័ត៌មាន ពី​កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បានឱ្យដឹង នៅ​ព្រលប់​ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថាៈ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី​៨ ខែកក្កដា ម្សិលមិញ​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៦​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព ដេញ​កាប់​ប្លន់​យក​ម៉ូតូ ពី​ប្រជាពលរដ្ឋ ធ្វើដំណើរ តាម​ដងផ្លូវ ។ កម្លាំង​អាវុធហត្ថ បាន​ឃា​ក់​ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ នៅ​ចំណុច​ផ្លូវ​៥៥៥ ស្ថិតក្នុង​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ចាប់យក​វត្ថុតាង រួមមាន ម៉ូតូ​ចំនួន ៤ គ្រឿង និង​ដាវ ចំនួន ១​ដើម​។​

​ប្រភព​ដដែល បាន​រាយការណ៍​ឱ្យដឹងទៀតថាៈ ជនសង្ស័យ​ទាំង ៦​នាក់ រួមមានៈ ១.​ឈ្មោះ ហេង បូ​ណាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ដឹក​ឥ​វ៉ាន់ ស្នាក់នៅ​ភូមិ ទឹកថ្លា សង្កាត់​ទឹកថ្លា​។ ២.​ឈ្មោះ ទឹម ដា​វីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៣.​ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​បុរី ១០០​ខ្នង សង្កាត់​ទឹកថ្លា​។ ៤.​ឈ្មោះ កេង សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៥.​ឈ្មោះ សាំង គីម​ងី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ជាងមាស ស្នាក់នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់​។ ៦.​ឈ្មោះ ម៉ី រដ្ឋា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ប៉ប្រក ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ដដែល បាន​បន្តថាៈ តាម​ដំណើរ​រឿងហេតុ កាលពី​វេលា​ម៉ោង ៣ យប់ នា​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ១ គ្រឿង​ម៉ាក​ហុងដា Dream C125 ពណ៌​ខ្មៅ សេរី ២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IJ 1047 មកពី​ហូប​អី លុះ​មកដល់​មុខផ្ទះ ជួល ស្រាប់​តែមាន​ជនសង្ស័យ ១​ក្រុម មាន​គ្នា​៨​នាក់ មធ្យោបាយ​ម៉ូតូ ៤​គ្រឿង ប្រដាប់​ដោយ ដាវ ១​ដើម បានធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ រួច​រត់គេចខ្លួន បាត់អស់​។

​បន្ទាប់ពី​កើតហេតុ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ចុះទៅ​ដល់ទី​តាំង ធ្វើការ​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង ១៣ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង ជំនាញ អាវុធហត្ថ​ខណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រួច​ក៏​បន្ត​ឃាត់ខ្លួន​បាន ចំនួន ២​នាក់​ទៀត​នៅ​ចំណុច​ផ្សារ ទំនើប​អ៊ី​អន​២ ។ រីឯ​បក្ខពួក ២​នាក់ ដែល​រត់គេចខ្លួន សមត្ថកិច្ច កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​បន្ត​។​

​បច្ចុប្បន្ន​ជន សង្ស័យ​ទាំង ៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ ប្រឆាំង បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ សាកសួរ និង​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕/V​-PC