​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ស្រីលង្កា​បាន​យល់ព្រម​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃ​សៅរ៍​ទី០​៩​កក្កដា ក្រោយ​ជួប​ថ្ងៃ​ដ៏​ច​លាច​បំផុត​នៅក្នុង​រយៈពេល​​ប៉ុន្មាន​ខែ​មកនេះ ដោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​សំរុកចូល​គេហដ្ឋាន​ផ្លូវការ​អ្នកទាំងពីរ​ ហើយ​ដុត​គេហដ្ឋាន​មួយ​ក្នុងការ​បញ្ចេញ​កំហឹង​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ជាតិ​។​

​នាយករដ្ឋមន្ត្រី រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(Ranil Wickremesinghe)​បាន​និយាយថា​លោក​នឹង​ចាក​ចេញពី​តំណែង នៅពេល​រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង និង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រធាន​​សភា​បាន​និយាយថា ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា​(Gotabaya Rajapaksa)​នឹង​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​ពុធ​។​

​សម្ពាធ​លើ​បុរស​ទាំង​ពីរ​បាន​កើតឡើង​នៅពេល​សេដ្ឋកិច្ច​ដួល​រលំ​បង្ក​ការខ្វះខាត​ទំនិញ​ចាំបាច់​យ៉ាង​អត្ត​ខាត់ ដោយ​បណ្តាល​អោយ​ប្រជាជន​ពិបាក​រក​ទិញ​ស្បៀង ប្រេងឥន្ធនៈ​និង​របស់របរ​ចាំបាច់​ដ​ទៃ​​ទៀត​។​

​កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​រារាំង​ការជួបជុំ​ធ្វើបាតុកម្ម​តាម​ផែនការ​មួយជាមួយ​នឹង​ការអនុវត្ត​បំរាម​គោចរ តែ​ក្រោយមក​បាន​ដកចេញ​វិញ​នៅ​ពេល​ពួក​មេធាវី​និង​អ្នកនយោបាយ​ប្រឆាំង​ប្រកាស​ថ្កោល​​ទោស​វា​ថា​ខុសច្បាប់​។​អ្នក​តវ៉ា​ប្រឆាំង​រាប់ពាន់​នាក់​បាន​ចូល​ក្នុង​រដ្ឋធានីកូឡុំបូ និង​សំរុកចូល​និវាសដ្ឋាន​ផ្លូវការ​របស់​ប្រធានាធិបតី​។ រូប​វីដេអូ​បានបង្ហាញ​ហ្វូង​មនុស្ស​ដ៏សប្បាយ​អ៊ូអរ​បាចសាច​ទឹក​ក្នុង​អាង​ហែល​ទឹក​នៃ​និវាសដ្ឋាន ដេក​លើ​គ្រែ​និង​ប្រើ​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​ថត​យក​រូបភាព​ក្នុង​គេហដ្ឋាន​ស្កឹមស្កៃ​របស់​ប្រធានាធិបតី​។​

​បាតុករ​ម្នាក់​ឆុង​តែ និង​ខ្លះទៀត​ធ្វើសេចក្តីថ្លែងការណ៍​ចេញពី​បន្ទប់​សន្និសីទកាសែត​មួយដោយ​ប្រកាសថា ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​ហើយ​។​

​គេ​មិនដឹងថា​តើ​លោក​ប្រធានាធិបតី​បាន​ស្ថិតនៅ​ទីនោះ​ដែរ​ឬ​អត់​ពេល​បាតុករ​អុកឡុក​ចូល និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា​លោក​មិន​ព័ត៌មាន​អំពី​កន្លែង​ស្នាក់នៅ​របស់​ប្រធានាធិបតី​ទេ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក្រោយមក​បាន​ទម្លុះ​ចូល​និវាសដ្ឋាន​ឯកជន​របស់​នាយករដ្ឋមន្ត្រីនិង​បាន​ដុត​វា នេះ​បើ​តាម​ការប្រកាស​របស់​ការិយាល័យ​របស់​លោក​វិក​ក្រេមេ​ស៊ីង​។​គេនៅ​មិន​ទាន់​ច្បាស់​ថា​តើ​លោក​​បាន​ស្ថិតនៅ​ទីនោះ​ដែរ​ឬ​អត់​ពេល​បាតុករ​សំរុកចូល​។​

​មុន​នោះ ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​ដាក់​អ្នក​ប្រឆាំង​តវ៉ា ដែល​ជួបជុំគ្នា​នៅ​តាម​ដង​វិថី​ដើម្បី​ដើរ​ដង្ហែរ​ទៅកាន់​និវាសដ្ឋាន​ប្រធានាធិបតី ដោយ​គ្រវី​ទង់ វាយ​ស្គរ​និង​ស្រែក​ពាក្យស្លោក​។​មនុស្ស​ប្រមាណ​៣០​នាក់​បាន​រងរបួស​ក្នុង​ការប្រឈមមុខគ្នា​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រោយ​ជួបជុំ​តវ៉ា​នៅ​តាម​ដងផ្លូវ បាតុករ​បាន​សំរុកចូល​និវាសដ្ឋាន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ដោយ​បង្ខំ​អោយ​មេដឹកនាំ​ទាំង​ពីរ​សុំ​លាឈប់​

​សមាជិក​សភា​ប្រឆាំង​ម្នាក់ បាន​និយាយថា មាន​ការស្រុះស្រួល​មតិ​គ្នា​អោយ​ប្រធាន​សភា​ចូលកាន់​តំណែង​ប្រធានាធិបតី​បណ្តោះអាសន្ន​និង​ធ្វើការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​។​

​នាយករដ្ឋមន្ត្រី រ៉ានី​ល វិក​ក្រេមេ​ស៊ីង ក្នុងពេលជាមួយគ្នាបានប្រកាស​លាឈប់ តែ​ថា​លោក​នឹង​មិន​ទាន់​ឈប់​ភ្លាម​ទេ​ដរាបណា​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​មិន​ទាន់​បង្កើត​ឡើង ជាហេតុ​នាំ​អោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ផ្ទុះ​កំហឹង​ដោយ​​សារ​តែ​ពួក​គេ​ចង់​អោយ​លោក​ចេញពី​តំណែង​ភ្លាម​៕