ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ម៉ា​ស៊ី​នើ​រី ផៅ​វ័រ ២០០០ ឯ​.​ក ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​សែក​គ្មាន​ប្រាក់ ជិត ២០ ម៉ឺន​ដុល្លារ ។

​នៅពេលនេះ សមត្ថកិច្ច បាន​បញ្ជូន​លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ មក​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ខណៈ​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង កំពុងធ្វើការ​សាកសួរ ។​

​ទន្ទឹមនេះ ដើម​បណ្តឹងរដ្ឋប្បវេណី សំណូមពរ​ដល់​តុលាការ មេត្តា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ កុំឱ្យ​មានការ​ដោះលែង​ឱ្យ​សោះ ព្រោះ​លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ មិនទាន់បាន​សម្របសម្រួល​ណាមួយ ជាមួយ​ដើមបណ្ដឹង​នោះទេ ។​

​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថាៈ លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ «​រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន​» តាម​បណ្តឹង​របស់លោក អ៊ូ សូ​នាង ។

​តាម​ដំណើររឿង​គឺ ជនរងគ្រោះ បាន​ទំនាក់ទំនង​ទិញ​គ្រឿងចក្រ ពី​ក្រុមហ៊ុន​ម៉ា​ស៊ី​នើ​រី ផៅ​វ័រ ២០០០ ឯ​.​ក ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៩៣ ផ្លូវ​លេខ​២០៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះ HAYRETDIN KUTUKCU ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ឈ្មោះ ប៉ក់ គ​ន្ធា​ណា​រ៉ូ ជា​ប្រធាន​គ្រប់គ្រង​ទូទៅ ។

​ក្រោយមក ជនរងគ្រោះ បាន​បញ្ជា​ទិញ​គ្រឿងចក្រ ចំនួន ១៣ គ្រឿង ហើយ​បានប្រគល់​ប្រាក់ ដំណាក់កាល​ទី​១ ចំនួន ១៩១.១៣០ ដុល្លារ​អាម៉េរិក ហើយ​ឈ្មោះ HAYRETDIN KUTUKCU ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បានចេញ​សែក​ចំនួន ២ សន្លឹក ដោយ​ចុះ​កាលបរិច្ឆេទ​ផ្សេងៗ​គ្នា ទុកឱ្យ​សម្រាប់​បើកប្រាក់ នៅពេល​ដល់កំណត់ ក្រុមហ៊ុន​មិនមាន​គ្រឿងចក្រ ប្រាក់ ឱ្យឈ្មោះ​ខាង​ជនរងគ្រោះ ។​

​ក្រោយមកទៀត ខាង​ក្រុមហ៊ុន មិនមាន​គ្រឿងចក្រ ប្រគល់ជូន​ជនរងគ្រោះ តាម​ការព្រមព្រៀង នោះទេ ហើយ​សែក​ដែល​ក្រុមហ៊ុន ចេញ​មកឱ្យ​ជនរងគ្រោះ ក៏​មិនមាន​សាច់ប្រាក់​ដែរ ពោលគឺ ជា​សែក​ដែល​គ្មាន​សាច់ប្រាក់ ទើប​ជនរងគ្រោះ ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច ឱ្យ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​តែម្តង ។​

​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច បាន​បញ្ជូន​លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ មក​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ខណៈ​ជនរងគ្រោះ សំណូមពរ​ដល់​តុលាការ មេត្តា​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ចំពោះ លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ ផង កុំឱ្យ​មានការ​ដោះលែង​ឱ្យ​សោះ ព្រោះ​លោក ប៉ក់ គ​ន្ធា​ណា​រ៉ូ មិនទាន់បាន​សម្របសម្រួល ណាមួយ ជាមួយ​ដើមបណ្ដឹង​នោះទេ ៕/V​