ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្ស ចុះជួយខេត្តស្វាយរៀង ទទួលបន្ទុកការងារយុវជន គណបក្សក្រុងបាវិត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល ថ្លែងអំណរគុណ និងពិសា អាហារសាមគ្គី នៅស្នាក់ការគណបក្ស សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាមួយសកម្មជនយុវជន គណបក្សក្រុងបាវិត ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រុងបាវិត អស់លោក លោកស្រី ជាសមាជិក សមាជិកា យុវជនកម្ពុជាក្រុង ជាច្រើនរូបទៀត។
លោក ទូច គង្គា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកា ក៏ដូចជា អ្នកដែលបានគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ហើយជាលទ្ធផលគឺ គណបក្សប្រជាជនកម្ពុជា បាននៅតែដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ជាបន្តទៅទៀត ជាពិសេសគឺ ក្រុមយុវជននេះ ដែលជាទំពាំងស្នងឫស្សីបន្តវេន ពីអ្នកជំនាន់មុន។
លោកបានមានប្រសាសន៍បន្តទៀតថាៈ ការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រារព្ធពិធីដ៏ ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុវជនគ្រប់ស្រទាប់វណ្ណៈ ដែលបានខិតខំតស៊ូពុះពារ ប្រកបដោយវីរភាព នៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ ជ្រកក្រោមដំបូលសន្តិភាពរួមគ្នា ក្រោមការដឹកនាំដ៏បុិនប្រសព្ធ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបានមានប្រសាសន៍ ដោយសង្កត់ធ្ងន់ថាៈ បើទោះបីជាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានបញ្ចប់ទៅ ក៏ពិតមែន ប៉ុន្តែយើងជាយុវជនគ្រប់រូប ក៏មិនត្រូវភ្លេចពីតួនាទីរបស់យើងនោះដែរ ពីព្រោះថា ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើស តំណាងរាស្ត្រ ក៏កាន់តែខិតជិតមកដល់ផងដែរ ដូច្នេះយើងត្រូវបង្កើនសកម្មភាពការងារ របស់ខ្លួន ទើបប្រសិទ្ធភាពការងារ នឹងទទួលបានលទ្ធផលល្អ ហើយក៏ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ជាក់ជាពុំខាន ៕/V