ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​មាន​ជ័​យៈ បឹង​ស្នោ ជា​បឹង​ធម្មជាតិ តែ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្តារ​ឱ្យ​ជ្រៅ​ជាង​មុន នា​កណ្តាល​​ក្រុង​សំរោង ហើយ​វា​បានក្លាយ​ជាទី​សុខសាន្តរបស់​សត្វ​ស្លាប និង​ជាទី​ពេញចិត្ត​របស់​អ្នកទេសចរ​ក្នុងស្រុក ផងដែរ​។​

​លោកស្រី ធិ​ន នី​មន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹង នៅ​ថ្ងៃទី​៩ ខែកក្កដា​ថាៈ តំបន់​ទេសចរណ៍​ធម្ម​ជាតិ បឹង​ស្នោរ តំបន់​មួយ​នេះ មានការ​អភិ​វ​ឌ្ឃ​បន្ថែម ក្នុង​ឆ្នាំ ២០២២ នេះ​។ ក្នុងនោះ មានការ​រៀបចំ​សោភ័ណភាព បរិស្ថាន អនាម័យ​ស្អាត ដូចជា​ផ្លូវ របង​ថ្ម​ព័ទ្ធជុំវិញ​បរិវេណ​បឹង បង្ការ​ដី​បាក់​ច្រោះ គោក​រាក់ និង​រក្សា​ប្រភពទឹក សម្រាប់​ជា​ជម្រក និង​ទី​រក​ចំណី​របស់​បក្សាបក្សី មច្ឆជាតិ​ចម្រុះ រាប់ពាន់​ម៉ឺន​ក្បាល និង​ទឹក​ប្រើប្រាស់​គ្រប់​រដូវ​។​ បឹង​នេះ មាន​ទំហំ ១.៤០០ ម៉ែត្រ ទទឹង ៩១០ ម៉ែត្រ ។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ដែនដី​ខេត្ត ក៏បាន​កំពុង​បន្តធ្វើ​ការអភិរក្ស មិន​ឲ្យ​មានការ​នេសាទ មច្ឆជាតិ បរបាញ់​សត្វ​គ្រប់​ប្រភេទ នៅក្នុង​តំបន់​បឹង​ស្នោរ​នេះ ឲ្យ​បាន​គង់វង្ស និង​រីកសាយ កើន​ចំនួន​៕/V​