ដោយៈ បូកគោ / កំពត​: សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន​៦​នាក់ ទៅ​សាលាដំបូង ពាក់ព័ន្ធ​បទ​សង្ស័យ ប្រើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​

​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថាៈ ជនសង្ស័យ ជា​ក្មេងប្រុស ក្នុងករណី​ខាងលើ រួមមានៈ ១.​ឈ្មោះ ផុន ពន្លឺ អាយុ ១៦​ឆ្នាំ​, ២.​ឈ្មោះ ឡាន់ ថុង អាយុ ១៨​ឆ្នាំ​, ៣.​ឈ្មោះ ដោម ម៉ៅ អាយុ ២០​ឆ្នាំ​, ៤.​ឈ្មោះ ធឿន ភក្តី អាយុ ១៨ ឆ្នាំ​។ ទាំង​៤​នាក់ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។ ៥.​ឈ្មោះ ជិន ចន្ថា អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពត​, និង​៦.​ឈ្មោះ ជន វណ្ណា អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។​

​ប្រភព​ដដែល បាន​រៀបរាប់ថាៈ កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ក្មេងស្ទាវ​មួយក្រុម មាន​គ្នា ៨​នាក់ បាន​ជិះ​ម៉ូតូ ៤​គ្រឿង ត្រឡប់​ពី​ដើរលេង​នៅ​ក្រុង​កំពត​។ លុះ​មកដល់​ភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក ពួកគេ​បាន​ប្រទះឃើញ​យុវជន​ម្នាក់ កំពុង​អង្គុយ លើ​ម៉ូតូ ក៏​នាំគ្នា​យក​ដាវ កាំបិត ដំបង​ដែក ដេញ​កាប់ និង​វាយ តែ​មិនមាន​របួស​ទេ​។ ដោយសារ​ជនរងគ្រោះ បាន​រត់គេច ក្រុម​ក្មេង​ទំនើង ក៏បាន​ព្រួត​កាប់ និង​វាយបំផ្លាញ​ម៉ូតូ បណ្តាលឱ្យ​ខូចខាត យ៉ាងដំណំ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ផ្អែក​តាម​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ឈូក និង​ស្រុក​ដងទង់ ក៏បាន​តាមដាន និង​កំណត់​មុខសញ្ញា រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​៦​នាក់ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ រួច​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​បន្ត​។ ចំណែក​ជនសង្ស័យ ដែល​កំពុង​គេចខ្លួន កម្លាំង​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ ដើម្បី​នាំខ្លួន​មក ទទួលទោស​តាមច្បាប់​៕/V​