ប្រែសម្រួល៖បំណង(ដេល្លីម៉េល)៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន កំពុងធ្វើទស្សនកិច្ចថៃ នៅពេលរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃដិន បាននិងកំពុងព្យាយាមបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់អាស៊ីអាគ្នេយ៍នៅក្នុងការប្រឈមនឹងការជំរុញការងារឥតឈប់ឈររបស់ចិនសំរាប់ឥទ្ធិពលក្នុងតំបន់នេះ។

លោកប្លីងកិនបានជួបមន្រ្តីជាន់ខ្ពស់ថៃនិងសកម្មជនសិទ្ធិមនុស្សមកពីប្រទេសមីយ៉ាន់ម៉ានៅក្រុងបាងកក និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគីថៃលោកដន ប្រាមុតនីណាយ(Don Pramudwinai)ស្តីពីការពង្រីក«ភាពជាដៃគូនិងសម្ពន្ធភាពយុទ្ធសាស្រ្ត»អាម៉េរិក-ថៃ ។

លោកបានធ្វើដំណើរទៅថៃក្រោយចូលរួមសន្និសីទអន្តរជាតិមួយនៅកោះបាលីរបស់ឥណ្ឌូនេស៊ីដែលនៅទីនោះក្នុងជំនួបជាមួយសមភាគីចិន វ៉ាង យី លោកក៏បានលើកឡើងការព្រួយបារម្ភអំពីការអាងយ៉ាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។

ដូចអ្នកកាន់តំណែងមុនលោកដែរ រដ្ឋាភិបាលរបស់លោកបៃដិន មើលឃើញការស្ទុះឡើងដ៏ឆាប់រហ័សរបស់ចិនគួរព្រួយបារម្ភនិងខិតខំទប់ចិនតែមិនទទួលបានជោគជ័យធំដុំទេ។

លោកប្លីងកិន បាននិយាយកាលពីថ្ងៃសៅរ៍ថា ការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែនបង្កការគំរាមមួយដល់សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ និងធ្វើអោយស្មុគស្មាញដល់ភាពតានតឹងដែលតឹងស្រាប់រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។

យោងតាមមន្រ្តីអាម៉េរិក ការជំរុញកិច្ចការរបស់ចិននៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងការរក្សាវត្តមានរបស់អាម៉េរិកក្នុងតំបន់អោយនៅតែក្លៀវក្លា ជារបៀបវារកំពូលនៃដំណើរទស្សនកិច្ចរបស់ប្លីងកិននៅថៃ។ពួកគេក៏បាននិយាយថាលោកប្លីងកិននឹងសុំផ្តល់ការគាំទ្រនិងការលើកទឹកចិត្តដល់ជនប្រឆាំងមីយ៉ាន់ម៉ាដែលត្រូវបង្ខំអោយភៀសខ្លួនចេញពីប្រទេសចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំមុន៕

លោក អ៊ែនថូនី ប្លីងកិនជួបសមភាគីថៃលោកដន ប្រាមុតនីណាយនៅក្រសួងការបរទេសថៃកាលពីថ្ងៃអាទិត្យ