​ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ខេត្តសៀមរាប បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ចំនួន​ពីរ​នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​រក្សាទុក ជួញដូរ និង​ប្រេ​ី​ប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ថាៈ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៨ និង ៣០ នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយបាន​ការចូលរួម​សហការ ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ប្រាសាទបាគង បាន​ចុះ បង្ក្រាប​បទ រក្សាទុក ដឹកជញ្ជូន ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ដងផ្លូវ ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ពីរ​នាក់ មានៈ​១-​ឈ្មោះ ព្រាប សុផល ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ មុខរបរ រត់​ម៉ូតូ​កង់​បី (​មាន​សារធាតុ​ញៀន នៅក្នុង​ខ្លួន​)​។ ២-​ឈ្មោះ ហៀ​ង ផល្លា ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨២ មុខរបរ នៅផ្ទះ (​គ្មាន​សារធាតុ ញៀន​នៅក្នុង​ខ្លួន​)​។ ជនសង្ស័យ​ប្រុស​ស្រី ទាំងពីរ នាក់​នេះ ជា​ជនជាតិខ្មែរ មាន​ទីលំនៅ នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ជាមួយគ្នា ជាប់​ពាក់ព័ន្ធ​បទល្មើស​រក្សាទុក ដឹកជញ្ជូន​គ្រឿងញៀន​ដូចគ្នា​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ និង​ដកហូត​បាន រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣៥ កញ្ចប់ ស្មើនឹង​ទម្ងន់ ១២,១៤ ក្រាម (​ទម្ងន់​សុទ្ធ​) ឧបករណ៍ប្រើប្រាស់ និង​សម្ភា​រៈវេច​ខ្ចប់ គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង​៕/V​