ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារី កម្ពុជា បានចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជូនសមាជិកាកាយឫទ្ធិនារីកម្ពុជា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថាៈ កាយឫទ្ធិនារីកម្ពុជា បានយកចិត្តទុកដាក់ ចំពោះការលើកកម្ពស់គុណតម្លៃ និងការចូលរួមរបស់កុមារី យុវតី នៅក្នុងការអភិវឌ្ឍសង្គម តាមរយៈការគាំទ្រ លើកកម្ពស់ការរស់នៅ និងការសិក្សារបស់ក្មួយៗ។
លោកស្រី បានបញ្ជាក់ថាៈ ការចូលជាសមាជិកា សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗ នឹងមានឱកាសទទួលបាន នូវការបណ្តុះបណ្តាល ទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹង បទពិសោធន៍ ការសិក្សា និងការរស់នៅ កាន់តែទូលំទូលាយ តាមរយៈការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួលរបស់សមាគម។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានជំរុញលើកទឹក ចិត្តក្មួយ ជាសមាជិកាទាំងអស់ឲ្យក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគម “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា” ។
សូមបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារី ជាសមាជិការបស់សមាគម តាមរយៈការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងសកម្មភាព ផ្សេងៗទៀត៕/V