ដោយ ៖ ភា រស្មី បុគ្គលិក​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង /​ភ្នំពេញ​៖​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង បាន​ស្វាគមន៍​ដំណើរ​មកកាន់​ការិយាល័យ​របស់ខ្លួន ពី​សំណាក់​ក្រុមយុវជន​និង​យុវនារី ចំនួន​៤៣​នាក់ ក្នុងនោះ​មាន​ស្រី​២៨​នាក់ មកពី​ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

យុវជន​មកពី​ស្រុក​កំចាយមារ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នា​ចុង​សប្តាហ៍​(រូបថតបណ្ណសារ មជ្ឈមណ្ឌលឯកសារកម្ពុជា)

​យុវជន​ទាំងនេះ បាន​ចំណាយ​ពេលវេលា​របស់ខ្លួន​បន្ទាប់ពី​សម្រាក​ពី​ការសិក្សា​នៅក្នុង​វិទ្យាល័យ ជាស៊ីម កំចាយមារ​ដោយ​ប្រើប្រាស់​សិទ្ធិ​ជា​យុវជន​ជំនាន់​ក្រោយ​ក្នុង​ការចង់​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ពី​វេទិកា​ថ្នាក់រៀន​ស្តីអំពី​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩) ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នា​ចុង​សប្តាហ៍ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។ គោលបំណង​នៃ​ការ​មកកាន់​ទីតាំង​ការិយាល័យ​របស់​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង គឺ​ដើម្បី​រៀនសូត្រ​បន្ថែម​ពី​មាតិកា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង​ស្តាប់​ការពន្យល់​ពី​លោក ផេង ពង្ស​រ៉ាស៊ី គ្រូឧទ្ទេស​ទាក់ទង​នឹង​និយមន័យ​នៃ​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​វិធីសាស្ត្រ​ទប់ស្កាត់​អំពើហិង្សា​នានា​ដែល​អាច​ឈានដល់​ការកកើត​អំពើ​ប្រល័យពូជសាសន៍​។

​យុវជន​ទាំងអស់ ត្រូវបាន​ណែនាំ​ឲ្យ​ទស្សនា​ពិព័រណ៍​រូបថត​ដែល​ដាក់តាំង​បង្ហាញ​នៅក្នុង​ការិយាល័យ អមដោយ​ការធ្វើ​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស ព្រោះ​នៅ​ខាងក្រៅ​ការិយាល័យ​មាន​ភ្លៀងរលឹម និង​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅ​ទស្សនា​ពិព័រណ៍​ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅតាម​សួនច្បារ​។ បន្ទាប់មក គ្រូឧទ្ទេស​បាន​ណែនាំ​ពី​មាតិកា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដោយ​សង្ខេប​។ នៅក្នុង​កម្មវិធី​ទស្សនកិច្ច និង​វេទិកា​ថ្នាក់រៀន​ចុង​សប្តាហ៍​នេះ​គ្រូឧទ្ទេស​បានផ្តល់​ដល់​ក្រុមយុវជន​នូវ​ទិដ្ឋភាព​រួម​ទាក់ទង​នឹង​វិធីសាស្ត្រ​សំខាន់ៗ​មួយចំនួន​ក្នុងការ​ទប់ស្កាត់​អំពើហិង្សា ដែល​អាច​ឈានដល់​ការកកើត​អំពើ​ប្រល័យពូជសាសន៍​។

​យុវជន​ច្រើន​លើសលប់​បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​ដែល​ទទួលបាន​ចំណេះដឹង​ថ្មី​ស្តីអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏មាន​យុវជន​តិច​តូច​ប៉ុណ្ណោះ បានបង្ហាញ​ពី​ភាព​អស់កម្លាំង និង​នឿយហត់ ដោយសារតែ​យុវជន​ទាំងនោះ​ធ្វើដំណើរ​ឆ្ងាយ​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​យុវជន​បានចាប់ផ្តើម​ផ្ចង់​ការគិត និង​យកចិត្តទុកដាក់​ឡើងវិញ ព្រមទាំង​បាន​សួរ​សំណួរ​មួយចំនួន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅ​វាគ្មិន​ទៀតផង​។​

យុវជន​មកពី​ស្រុក​កំចាយមារ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នា​ចុង​សប្តាហ៍​(រូបថត បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​លោក ជិន ភិរម្យ នាយក​វិទ្យាល័យ​កំចាយមារ​ដែល​បាន​ដឹកនាំ​ក្រុមយុវជន​មកកាន់​ការិយាល័យ​មជ្ឈមណ្ឌល​
​ឯកសារ​ខេត្តព្រៃវែង​បានបង្ហាញ​ពី​អារម្មណ៍​រីករាយ​និង​បាន​ថ្លែងអំណរគុណ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​ដែល​ផ្តល់ឱកាស​ដល់​យុវជន​ក្មេងៗ​ជំនាន់​ក្រោយ បាន​ចូលរួម​ស្វែងយល់​និង​បង្កើន​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

​លោក ភិរម្យ ក៏បាន​ស្នើសុំ​ឲ្យ​យុវជន​ដទៃទៀត​ចូលរួម​វេទិកា​ថ្នាក់រៀន​នៅ​ឱកាស​ក្រោយ​ទៀតផង​ដែរ​៕​សរន

យុវជន​មកពី​ស្រុក​កំចាយមារ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នា​ចុង​សប្តាហ៍​(រូបថត បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)