ដោយៈ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង/ភ្នំពេញ៖ខ្ញុំឈ្មោះ ប៉ុល ខន អាយុ៧៩ឆ្នាំ កើតនៅភូមិអង្គ្រង ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ប៉ុល ខាន់ និងម្តាយឈ្មោះ ប៉ែន នឹម។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារ។ ឪពុកម្តាយរបស់ខ្ញុំបានបញ្ជូនខ្ញុំឲ្យទៅសិក្សារៀនសូត្រនៅសាលាបឋមសិក្សាបូសព្រីង។ នៅអាយុ១៥ឆ្នាំ ខ្ញុំរៀនត្រឹមថ្នាក់ទី១០ពីសង្គមសចាស់។
ប៉ុល ខន អាយុ៧៩ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ពេលនោះខ្ញុំក៏សម្រេចចិត្តឈប់រៀន ហើយមកបួសរៀននៅវត្តប្រាសាទ ស្ថិតនៅឃុំស្វាយយា ស្រុកស្វាយជ្រំ។ បួសបាន៣វស្សា ខ្ញុំបានសឹក ហើយត្រឡប់មកធ្វើស្រែចម្ការវិញ។ នៅអាយុ១៩ឆ្នាំ ខ្ញុំបានរៀបការជាមួយនឹងប្រពន្ធរបស់ខ្ញុំ។ បន្ទាប់ពីរៀបការហើយខ្ញុំមានកូនស្រីម្នាក់ ខណៈនោះមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីប្រមុខរដ្ឋ។ ដោយសារតែបានឮការអំពាវនាវរបស់សម្តេចពីក្រុងប៉េកាំងមកឲ្យកូនចៅដែលស្មោះភក្តីជាមួយព្រះអង្គ រត់ចូលព្រៃម៉ាគីដើម្បីតស៊ូប្រយុទ្ធ និងទាមទារយកអំណាចមកថ្វាយជូនព្រះអង្គវិញនោះ ដូច្នេះខ្ញុំពុំរួញរាឡើយ គឺខ្ញុំសម្រេចចិត្តចូលទៅក្នុងព្រៃម៉ាគីដើម្បីតស៊ូជាមួយប្រជាជន។ គ្រួសាររបស់ខ្ញុំក៏សប្បាយចិត្ត និងជំរុញឲ្យខ្ញុំទៅតស៊ូដែរ។ ខ្ញុំធ្វើដំណើរអស់រយៈពេល២ថ្ងៃ ទើបទៅដល់ឃុំកំពង់ត្រាច (ព្រៃម៉ាគី) ស្រុករមាសហែក និងបានស្នាក់នៅទឹកវិល។ កន្លះខែក្រោយមក ខ្ញុំបានត្រឡប់មកផ្ទះវិញ ដោយសារជួបការលំបាក និងពុំទាន់បានហ្វឹកហាត់យោធា។
ក្រោយថ្ងៃកងទ័ពខ្មែរក្រហម ទទួលជ័យជម្នះលើរបប លន់ នល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានអង្គការដាក់បញ្ចូលទៅក្នុងក្រុមជាងសង់ផ្ទះដែលមានសមាជិកចំនួន១២នាក់។ ជារឿយៗសមាជិកក្រុមរបស់ខ្ញុំ បានសង់ផ្ទះ សង់ខ្ទមឲ្យប្រជាជននៅក្នុងភូមិ។ ក្រៅពីសង់ផ្ទះនិងខ្ទម ខ្ញុំបានសង់មន្ទីរពេទ្យចំនួន១០ខ្នង និងរោងបាយចំនួន៣នៅក្នុងភូមិរបស់ខ្ញុំ និងអារឈើសម្រាប់សង់សំណង់ផ្សេងៗទៀត។ បើនិយាយអំពីអាហារហូបចុក ពេលនោះខ្ញុំមានបាយហូបគ្រប់គ្រាន់ ដោយសារតែខ្ញុំមានមិត្តភក្តិ និងបងធម៌ដែលកាន់តួនាទីធំៗ ដូចជាឈ្មោះស័ក គឺជាគណៈឃុំ និង អ៊ិន ជាសន្តិសុខស្រុកទួលជើងចាប។ ស័ក និង អ៊ិន ត្រូវបានអង្គការចាប់ខ្លួន និងយកទៅសម្លាប់ នៅឆ្នាំ១៩៧៨ ក្រោយ សោ ភឹម ត្រូវបានចោទប្រកាន់ថា ប្រឆាំងនឹងបដិវត្តន៍។ ខ្ញុំពុំបានដឹងថា ឈ្លបខ្មែរក្រហមយកមិត្តភក្តិ និងបងធម៌របស់ខ្ញុំទៅសម្លាប់ឯណាឡើយ ប៉ុន្តែខ្ញុំដឹងថា ទីតាំងសម្លាប់ដែលខ្ញុំស្គាល់មានចំនួន៣កន្លែងគឺ វាលតាប្រុញ, វត្តបឹងរ៉ៃ និងទួលជើងចាប។ ពេលដឹងថាមិត្តភក្តិ និងបងធម៌ត្រូវបានឈ្លបចាប់ខ្លួនយកទៅសម្លាប់បែបនេះ ខ្ញុំភិតភ័យខ្លាំងណាស់ ព្រោះខ្លាចឈ្លបខ្មែរក្រហមចោទប្រកាន់ខ្ញុំ និងយកខ្ញុំទៅសម្លាប់បន្តទៀត។
ប៉ុល ខន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅដើមខែមករា ឆ្នាំ១៩៧៩ នៅភូមិប្រជាជននៅក្នុងភូមិរបស់ខ្ញុំ បាននាំគ្នារត់ចាកចេញពីភូមិស្ទើរតែអស់រលីង ព្រោះបានឮដំណឹងតៗគ្នាថា កងកម្លាំងវៀតណាម នឹងចូលមកក្នុងភូមិ ហើយសម្លាប់ប្រជាជនចោលនាពេលបន្តិចទៀត។ ខ្ញុំរត់ភៀសខ្លួនបានបន្តិចក៏បានជួបជាមួយកងទ័ពវៀតណាម ហើយកងទ័ពវៀតណាមប្រាប់ខ្ញុំឲ្យត្រឡប់មកក្រោយវិញ។
ក្រោយរបបខ្មែរក្រហមដួលរំ មិនបានប៉ុន្មានខែផង ស្រាប់តែមានក្រុមជាតិនិយមមួយក្រុមទៀតដែលខ្ញុំមិនចាំឈ្មោះ បានចាប់ខ្ញុំយកទៅឃុំឃាំង និងសួរចម្លើយ។ ក្រុមជាតិនិយមនោះបានចោទប្រកាន់ខ្ញុំថា គឺជាក្រុមដំរីសភ្លុកខៀវ ដែលបានចូលដៃចូលជើងជាមួយវៀតណាមខាងត្បូង។ ខ្ញុំទទួលរងការឈឺចាប់ និងរងទារុណកម្មរាល់ការសួរចម្លើយអស់រយៈពេល២ខែ នៅក្នុងគុកមួយក្នុងខេត្តស្វាយរៀង។ ក្រោយពីការសួរចម្លើយ និងស្រាវជ្រាវដឹងថា ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយកងទ័ពវៀតណាមខាងត្បូង ក្រុមជាតិនិយមនោះក៏បានដោះលែងឲ្យ ខ្ញុំមានសេរីភាព និងបានវិលត្រឡប់មកស្រុកកំណើតវិញ។ ក្រោយមក ខ្ញុំក៏បានចូលបម្រើកងទ័ពនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារហូតដល់ចូលនិវត្តន៍៕សរន