ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្លិប​ញញួរ​ធំ West Ham បាន​ចុះហត្ថលេខា​ទិញ​ខ្សែបម្រើ ភ្លី​ន ដោ​ន (Flynn Downes)​របស់​ក្លិប Swansea លើ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ក្នុង​កិច្ចព្រមព្រៀង​​មួយ​ដែល​គេ​ដឹងថា​មាន​តម្លៃ​ប្រហែល ១២ លាន​ផោន (​ជាង​១៤​លាន​ដុល្លារ​)​។​

​កីឡាក​រវ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លិប​ក្របខ័ណ្ឌ Championship នេះ​ពី​ក្លិប Ipswich មកពី​ក្របខ័ណ្ឌ League One កាល​ពី​រដូវក្តៅ​ឆ្នាំមុន​លើ​កិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​។​ទោះជា​យ៉ាង​​ណា រូប​គេ​ធ្វើ​បាន​ល្អ​កាលពី​ឆ្នាំមុន និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លិប​មួយចំនួន​។​

​ដោ​ន​នឹង​ពាក់អាវ​លេខ ១២ ហើយ​បាន​និយាយថា វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការចូលរួម​ជាមួយ​ក្លិប​ពី​កុមារភាព​របស់គេ​។​

​ដោ​ន ដែល​មាន​ជម្រើស​បន្ត​មួយ​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​ថ្មី​របស់​ខ្លួន​នៅ​ឯ​ទឹកដី London Stadium បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុងតែ​សុបិន​”​។​

“​វា​ជាក្តី​សុបិន​របស់​ខ្ញុំ​តាំងពី​តូច​ក្នុង​ការចូលរួម​ក្លិប​នេះ​។ វា​ជា​កិត្តិយស​ខ្លាំងណាស់​។ នេះ​ជា​ក្លិប​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​គ្មាន​អី​សប្បាយចិត្ត​ជាង​នេះ​ទៀត​នោះ​ទេ​។ ខ្ញុំ​រីករាយ​ដែល​បាន​មក​ទីនេះ ហើយ​ខ្ញុំ​មិន​អាច​ទ្រាំ​រង់ចាំ​ចាប់ផ្តើម​ការប្រកួត​បាន​នោះឡើយ​”៕

​ខ្សែ​បម្រើ ភ្លី​ន ដោ​ន​នឹង​ពាក់អាវ​លេខ​១២