ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖គណបក្សកាន់អំណាចនិងដៃគូដណ្តើមបានសម្លេងឆ្នោតគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតសម្លេងភាគច្រើនដាច់មួយនៅក្នុងសភាជាន់ខ្ពស់នៅពេលតែប៉ុន្មានថ្ងៃក្រោយការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទ។
គណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលកំពុងកាន់អំណាចរបស់អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានធ្វើឃាតនិងដៃគូរបស់ខ្លួនគឺគណបក្ស កូមេអ៊ិតុ ( Komeito)បានពង្រឹងអំណាចរបស់ខ្លួនដោយដណ្តើមបានជាង៧៥អសនៈក្នុងចំណោមអសនៈសភា១២៥ នេះបើយោងតាមបណ្តាអង្គភាពសារព័ត៌មានជាតិ។
គណបក្សទាំងពីរជាផ្នែកនៃអ្វីដែលគេហៅថា សម្លេងភាគច្រើនដាច់ខាតចំនួនពីរភាគបីដែលគេចង់បានដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសដើម្បីអោយប្រទេសអាចពង្រឹងតួនាទីយោធារបស់ខ្លួននៅលើឆាកអន្តរជាតិ ដែលជាគោលដៅយូរអង្វែងមកហើយរបស់លោកអាបេ។
សូម្បីតែមុនការធ្វើឃាតលោកអាបេ គណបក្សLDPនិង Komeitoរំពឹងថានឹងពង្រីកសម្លេងភាគច្រើនរបស់ខ្លួន តែកំណើនខ្លាំងពេលនេះមួយចំណែកអាចមកពីសមានចិត្តអ្នកបោះឆ្នោតជប៉ុនចំពោះបក្សកាន់អំណាចក្រោយឃាតកម្មដ៏រន្ធត់នេះផងដែរ។
គណបក្សប្រជាធិបតេយ្យសេរីនិងដៃគូរបស់ខ្លួនគឺគណបក្ស កូមេអ៊ិតុបានពង្រឹងអំណាចរបស់ខ្លួនដោយដណ្តើមបានជាង៧៥អសនៈក្នុងចំណោមអសនៈសភា១២៥
នាយករដ្ឋមន្ត្រីហ្វ៊ុយមីអុ គីស៊ីដាដែលបញ្ជាក់ថាលោកចង់ដោះស្រាយបញ្ហាជំងឺឆ្លង និងអតិផរណាបណ្តាមកពីសង្គ្រាមអ៊ុយក្រែន បានប្រាប់សារព័ត៌មានNHKថា«ខ្ញុំគិតថាវាអស្ចារ្យណាស់ដែលយើងអាចរៀបចំការបោះឆ្នោតចប់សព្វគ្រប់»។
លោកនាយករដ្ឋមន្ត្រីនៅតែជំរុញដំណើរការបោះឆ្នោតទោះជាមានឃាតកម្មមន្ត្រីជាន់ខ្ពស់នៅពីរថ្ងៃមុនការបោះឆ្នោត ដោយលោកថា«យើងមិនត្រូវអនុញ្ញាតអោយអំពើហិង្សាគាបសង្កត់ការនិយាយស្តីឡើយ»។
ទទួលស្គាល់បរាជ័យ មេដឹកនាំគណបក្សប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញដែលជាបក្សប្រឆាំងលោក គេនតា អ៊ូហ្ស៊ុយមី(Kenta Izumi) បាននិយាយថា« វាច្បាស់ណាស់អ្នកបោះឆ្នោតមិនចង់ដូរចេញពីគណបក្សLDPនិងផ្តល់ការទុកចិត្តលើយើងនៅក្នុងការដឹកនាំរដ្ឋាភិបាល»ទេ។
ទោះជាឃាតកម្ម ចំនួនអ្នកចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទាប គឺប្រមាណតែ៥២ភាគរយប៉ុណ្ណោះ។
សូមបញ្ជាក់ថាលោកអាបេត្រូវបានបាញ់អោយដួលកាលពីថ្ងៃសុក្រនៅតំបន់ណារ៉ាភាគខាងលិចក្នុងពេលឃោសនាសំរាប់បេក្ខជនមូលដ្ឋានម្នាក់និងស្លាប់ដោយអស់ឈាមនៅមន្ទីរពេទ្យមូលដ្ឋានមួយ។សាកសពរបស់លោកត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់ទីក្រុងតូក្យូកាលពីថ្ងៃសៅរ៍៕