ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មីស៊ីលមួយរបស់រុស្ស៊ីបានវាយប្រហារចំអគារផ្ទះល្វែងមួយកន្លែងនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១០កក្កដា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ ខណៈកងកម្លាំងរបស់ទីក្រុងមូស្គូព្យាយាមពង្រឹងការគ្រប់គ្រងរបស់ពួកគេលើតំបន់ដុនបាស។
សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយនៅលើ Facebook ថា “ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ សាកសពចំនួន ១៥ នាក់ត្រូវបានរកឃើញនៅកន្លែងកើតហេតុហើយមនុស្សប្រាំនាក់ត្រូវបានទាញចេញពីគំនរបាក់បែក” ទាំងរស់នៅទីក្រុងឆាស៊ីវយ៉ា (Chasiv Yar)។
មុននេះអភិបាលតំបន់ដូណិតសខ៍ លោក ប៉ាវឡូ គីរីលេនកូ (Pavlo Kyrylenko) បាននិយាយនៅលើ Telegram ថា “យ៉ាងហោចណាស់មនុស្ស ៣០ នាក់ផ្សេងទៀតបានស្ថិតនៅក្រោមគំនរបាក់បែក” នៃអគារកម្ពស់បួនជាន់ បន្ទាប់ពីវាត្រូវបានបាញ់ត្រូវដោយមីស៊ីល Uragan របស់រុស្ស៊ី។
ផ្នែកនៃអគារត្រូវបានបំផ្លាញដោយការវាយប្រហារ នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP មើលឃើញនៅកន្លែងកើតហេតុទីដែលអ្នកជួយសង្គ្រោះរាប់សិបនាក់កំពុងកាយកម្ទេចថ្មដោយប្រើគ្រឿងចក្រ។
សេវាសង្គ្រោះបន្ទាន់បាននិយាយថា រហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះអាចបង្កើតទំនាក់ទំនងជាមួយមនុស្សបីនាក់នៅក្រោមគំនរបាក់បែក។
ដោយបានប្រយុទ្ធយ៉ាងយូរដើម្បីដណ្តើមយកទីតាំងចុងក្រោយនៃតំបន់ជិតខាងលូហានសខ៍ ពេលនេះទាហានរុស្ស៊ីកំពុងបង្វែរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់តំបន់ដូណិតសខ៍ខណៈពួកគេសម្លឹងកាន់កាប់តំបន់ដុនបាសទាំងមូល។
អ្នកស្រុកម្នាក់នៅទីក្រុងឆាស៊ីវយ៉ា ដែលមិនបញ្ចេញឈ្មោះ បានបង្ហាញអ្នកកាសែត AFP ឱ្យឃើញជុំវិញផ្ទះល្វែងខូចខាតរបស់គាត់។
ស្ត្រីនោះបាននិយាយថា “កាលពីម្សិលមិញម៉ោង ១១ ឬ ១០ យប់ខ្ញុំនៅក្នុងបន្ទប់ដេក ហើយនៅពេលខ្ញុំដើរចេញអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមលាន់ឮដូចផ្គរលាន់និងប្រេះ…។រឿងតែមួយគត់ដែលជួយសង្គ្រោះខ្ញុំគឺនៅពេលដែលខ្ញុំរត់មកទីនេះ ពីព្រោះភ្លាមៗនោះអ្វីៗទាំងអស់បានដួលរលំ”៕
មនុស្ស១៥នាក់ស្លាប់ដោយសារមីស៊ីល Uragan របស់រុស្ស៊ីបាញ់លើអគារផ្ទះល្វែងនៅទីក្រុងឆាស៊ីវយ៉ាកាលពីថ្ងៃអាទិត្យ