ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមទាហានអ៊ុយក្រែនដំបូងគេ ដែលភាគច្រើនមិនមានបទពិសោធន៍យោធាពីមុនមក បានមកដល់ចក្រភពអង់គ្លេស ដើម្បីហ្វឹកហាត់ប្រយុទ្ធខណៈប្រទេសអឺរ៉ុបខាងកើតនេះកំពុងប្រណាំងប្រជែងពេលវេលាដើម្បីជំនួសទាហានដែលស្លាប់និងរបួសក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថាទាហានថ្មីពីរបីរយនាក់ដំបូងកំពុងទទួលបានការណែនាំនៅតាមកន្លែងនានាទូទាំងប្រទេសអង់គ្លេសក្នុងដំណាក់កាលដំបូងនៃកម្មវិធីដែលមានគោលបំណងបណ្តុះបណ្តាលទាហានអ៊ុយក្រែនរហូតដល់ ១០.០០០ នាក់ក្នុងការប្រើអាវុធ ការសង្គ្រោះបឋមក្នុងសមរភូមិប្រយុទ្ធ និង យុទ្ធសាស្ត្រល្បាត។
វាគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ទូលំទូលាយសម្រាប់អ៊ុយក្រែន ដែលរួមមានអាវុធប្រឆាំងរថក្រោះ ប្រព័ន្ធរ៉ុក្កែត និងគ្រឿងសឹកផ្សេងទៀត ដែលមានតម្លៃ ២,៨ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីការពារជាតិលោក បិន វ៉ាល់ឡេស (Ben Wallace)បាននិយាយថា “ដោយប្រើជំនាញលំដាប់ពិភពលោកនៃកងទ័ពអង់គ្លេសយើងនឹងជួយអ៊ុយក្រែនក្នុងការកសាងកងកម្លាំងរបស់ខ្លួនឡើងវិញនិងបង្កើនការតស៊ូរបស់ពួកគេ ខណៈពួកគេការពារអធិបតេយ្យភាពរបស់ប្រទេស និងសិទ្ធិរបស់ពួកគេក្នុងការជ្រើសរើសអនាគតរបស់ពួកគេ”។
ជាផ្នែកមួយនៃកម្មវិធី ចក្រភពអង់គ្លេសបានទិញកាំភ្លើង AK ដើម្បីឱ្យទាហានអ៊ុយក្រែនអាចហ្វឹកហាត់ជាមួយនឹងអាវុធដែលពួកគេនឹងប្រើប្រាស់នៅសមរភូមិជួរមុខ។ចក្រភពអង់គ្លេសក៏នឹងផ្តល់ឧបករណ៍ការពារខ្លួនសម្រាប់ទាហានផងដែរ រួមទាំងមួកសុវត្ថិភាព អាវក្រោះ ឧបករណ៍ការពារភ្នែក ត្រចៀក និងត្រគាក ឧបករណ៍សង្គ្រោះបឋមផ្ទាល់ខ្លួនព្រមទាំងឯកសណ្ឋាននិងស្បែកជើងកវែងសម្រាប់សមរភូមិលើទីវាលផងដែរ។
លោកពលបាល ដាន់ ហេស (Dan Hayes) បានប្រាប់កាសែត Times of London ថា គោលដៅគឺដើម្បីប្រែក្លាយជនស៊ីវិលឱ្យទៅជាទាហានដ៏មានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។
លោកហេសបាននិយាយថា “អ្នកទាំងអស់នេះគឺជាអ្នកបើកបរឡានដឹកទំនិញ ឬពួកគេធ្វើការនៅក្នុងកន្លែងយកថ្ម ឬ ពួកគេជាអ្នកលក់ទំនិញ។ ខ្ញុំបាននៅក្នុងជួរកងទ័ព ១៤ឆ្នាំហើយខ្ញុំបានជ្រើសរើសចូលរួម។ បុរសទាំងនេះសុទ្ធតែជាពលរដ្ឋសាមញ្ញ…ហើយយើងកំពុងវិនិយោគអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានព្រោះយើងដឹងថាពួកគេនឹងត្រូវការវា”៕
ទាហានអ៊ុយក្រែនកំពុងហ្វឹកនៅទឹកដីអង់គ្លេសកាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ២០២២