ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) វិទ្យាល័យ ហ៊ុន សែន​សេរីភាព​បង្កើតឡើង​ក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍ​ និង​បំផុស​ប្រភេទ​តេ​ក្វាន់​ដូ WT ឲ្យ​ផ្តល់​សិស្សានុសិស្ស​នៅ​ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល​និង​ផ្តល់ឱកាស​ដល់​និស្សិត​បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ជ្រើសរើស​សិស្ស​មាន​ទេពកោសល្យ​តំណាង​ខេត្តកណ្តាល​និង​ជាតិ​ចូលរួម​ប្រកួត​កីឡា​សកល​វិទ្យាល័យ​ជាតិ និង​អន្តរជាតិ​បាន​បើក​សម្ភោ​ធន៍​នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។​

ក្នុង​ឳ​កាស​បើក​បង្ហាត់បង្រៀន​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ លោក ម៉ៅ ស្រេង ប្រធាន​ស្ថាប័ន ​IDP & ACE​ កម្ពុជា​ និង​ជា​អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ លោក IM JONG NAM អនុប្រធាន​សមាគម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ​លោក​បណ្ឌិត​ជ្រិ​ន សុធា​អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​
​កីឡា​តេ​ក្វាន់​ដូ WT លោក ចេង សំ​អ៊ុ​ល ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​លោក ស្រី ស្រឿ​ន នាយករង​ក្លិប​វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​អនុប្រធាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព​។​

លោក ស្រី ស្រឿ​ន​បាន​និយាយថា ក្លិប​កីឡា​តេ​ក្វាន់​ដូ WT វិទ្យាល័យ ហ៊ុន សែន​សេរីភាព​ចំណាយ​ថវិកា​១២០០០​ដុល្លារ​អាមេរិក​ក្រោម​ការឧបត្ថម្ភ​ថវិកា​សម្រាប់​ជួសជុល​កែលម្អ​ក្លិប​ស្ថិតក្នុង​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព​ពី​សមាគម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ​។ក្លិប​នេះ​មាន​បណ្តោយ​ប្រវែង ៤៨ ម៉ែត្រ និង​ទទឹង​វែង ៧ ម៉ែត្រ ក្នុងនោះ​មាន​៣​បន្ទប់​រួមមាន​បន្ទប់​ហ្វឹកហាត់​ធំ​មួយ​មាន​បណ្តោយ​ប្រវែង ២៤ ម៉ែត្រ និង​ទទឹង​ប្រវែង ៧ ម៉ែត្រ បន្ទប់​ហ្វឹកហាត់​តូច​មួយ​បណ្តោយ​ប្រវែង ១៦ ម៉ែត្រ និង​ទទឹង​ប្រវែង ៧ ម៉ែត្រ និង​បន្ទប់​ការិយាល័យ​មួយ​សម្រាប់​ប្រជុំ​មាន​បណ្តោយ​ប្រវែង ៨ ម៉ែត្រ និង​ទទឹង​ប្រវែង ៧ ម៉ែត្រ​។​

លោក ម៉ៅ ស្រេង បាន​មានប្រសាសន៍ថា ក្នុងនាម​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ដោយ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វត្តមាន​របស់លោក​អនុប្រធាន និង​លោក​អគ្គលេខាធិការ​សមា​គម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​ជួសជុល​កែលម្អ​អាគារ​១​ខ្នង​នៅ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព​ឲ្យ​ទៅជា​ក្លិប​កីឡា​តេ​​ក្វាន់​ដូ​ WT​ សម្រួល​ដល់​ការបង្ហាត់​ក្បាច់គុន​តេ​ក្វាន់​ដូ​ផ្នែក​ WT ​ជា​ប្រភេទ​កីឡា​អូឡាំពិក​ក្នុងការ​​ផ្សព្វផ្សាយ​ឲ្យ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ស្គាល់​បាន​យល់​ពី​វិញ្ញាសា​តេ​ក្វាន់​ដូ ​WT​ គណៈកម្មាធិការ​ជាតិ​ CAMSOC​ ត្រៀម​ដាក់បញ្ចូល​ទៅក្នុង​ព្រឹ​តិ្ត​ការណ៍​នៃ​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ខាងមុខ​។​

លោក​បាន​បន្តថា​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព​បាន​ផ្តល់នូវ​ទីតាំង​ក្នុង​​បរិវេណ​វិទ្យាល័យ​សម្រាប់​បង្កើត​ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT​នេះ​ឡើងជា​ការរួមចំណែក​អនុវត្ត​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការត្រៀម​ដាក់បញ្ចូល​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​។ វា​ជា​កត្តាចាំបាច់​បំផុត​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ត្រូវ​យល់ដឹង​និង​អនុវត្ត​តាមរយៈ​ការហ្វឹកហាត់​កីឡា ព្រោះ​កីឡា​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ការអភិវឌ្ឍ ដូច​ពាក្យស្លោក​មួយ​ឃ្លា “​ប្រជាពលរដ្ឋ​ម្នាក់ លេង​កីឡា​មួយ​ប្រភេទ ក្នុង​ជីវិត​” ព្រោះ​វា​អាចជួយ​ឲ្យ​យើង​ជៀស​ផុតពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​ផងដែរ​៕​