ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​សហរដ្ឋអាមេរិក កីឡាការិនី​ប៊ូល និង​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បង្ហាញ​នូវ​ក្ដីសង្ឃឹម​ខ្ពស់​ទាំងពីរ​វិញ្ញាសា​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​ពិភពលោក (World Games) ឆ្នាំ​២០២២​នៅ​ទីក្រុង Birmingham រដ្ឋ​អាល​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​។​

​កីឡាការិនី រូបនេះ​បាន​និយាយថា ទីលាន​ប្រកួត​គឺ​ថ្មី​សម្រាប់​ខ្លួន ដោយសារ​ដីខ្សាច់ និង​លាយ​ថ្ម​ធំ​មួយៗ ប៉ុន្តែ​អាច​ទទួលយកបាន​ទាំង​របៀប​ចូល និង​វាយ​។ កីឡាការិនី​រូបនេះ​សង្ឃឹម​ខ្ពស់​ទាំងពីរ​វិញ្ញាសា​គឺ​វិញ្ញាសា​វាយ​គូ​នារី​ដែល​ចាប់​ដៃគូ​ជាមួយ​កីឡាការិនី អ៊ុន ស្រី​យ៉ា និង​វិញ្ញាសា​ឯ​កក​ត្ត​ជន​វាយយក​ពិន្ទុ​។​ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០២១​បាន​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើមយក​មេដាយ​ជូន​ប្រជាជន​កម្ពុជា​។​

​កញ្ញា គិ​ន សំណាង អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កីឡា​ប៉េតង់​ចំនួន​៥​នាក់ គឺ​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដឹកនាំ​ដោយ​កញ្ញា​ផ្ទាល់ ព្រមទាំង​លោក ហៀន ថាវរ​: មន្ត្រី​សហព័ន្ធ និង​លោក ចាន់ វិចិត្រ មន្ត្រី​ព័ត៌មាន​។​

​កញ្ញា​បញ្ជាក់ថា ការប្រកួត​កីឡា​ពិភពលោក​នេះ​មាន​ប្រភេទ​កីឡា​ច្រើន​ចម្រុះ ប៉ុន្តែ​កម្ពុជា​បាន​បញ្ជូន​តែ​កីឡា​ប៉េតង់​ចូលរួម​ប្រកួត​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​មិនមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​ចំណាយ​ពេលវេលា​ផ្លាស់ប្តូរ​ជើងហោះហើរ​២​ទៅ​៣​ដងដោយ​សារ​អត់​មាន​
​ជើងហោះហើរ​ត្រង់​។​

​ការចុះឈ្មោះ គឺ​ក្រុមការងារ World Games រៀបចំ​បានល្អ​សម្រាប់​ប្រតិភូ និង​កីឡាការិនី​កម្ពុជា​។ កន្លែង​ស្នាក់នៅ គឺ​ស្ថិតនៅ​សកលវិទ្យា​ល័យ អាល​ឡា​បា​ម៉ា ក្នុង​ទីក្រុង Birmingham​។​អត្ត​ព​លិ​ក​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ដើម្បី​ដណ្តើម​មេដាយមាស​នាំ​កិត្យានុភាព​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក ជាពិសេស​បង្ហូតទង់ជាតិ​កម្ពុជា​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ ធ្វើ​នៅ​ទីក្រុង Birmingham សហរដ្ឋអាមេរិក មាន​ប្រទេស​ជាង​១០០ ជុំវិញ​ពិភពលោក​ចូលរួម ប្រកួត​លើ​៣៣​ប្រភេទ​កីឡា ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ក្នុងនោះ​កីឡា​ប៉េតង់​កម្ពុជា ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​ពិភពលោក អញ្ជើញ​ចូលរួម​ជា​លើកដំបូង​៕​