ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ទីក្រុងម៉ាកាវរបស់ចិនកាលពីថ្ងៃចន្ទទី១១កក្កដា បិទកាស៊ីណូទាំងអស់ជាលើដំបូងក្នុងរយៈពេលជាងពីរឆ្នាំមកនេះនៅពេលអាជ្ញាធរខិតខំតស៊ូទប់ការផ្ទុះកូវីដ១៩ដ៏អាក្រក់បំផុតនៅមជ្ឈមណ្ឌលល្បែងធំបំផុតរបស់ពិភពលោកមួយនេះ។
កាស៊ីណូជាង៣០ក្នុងទីក្រុង ជាមួយនឹងកន្លែងអាជីវកម្មមិនចាំបាច់ផ្សេងៗនឹងបិទមួយសប្តាហ៍ហើយប្រជាជនក្នុងទីក្រុងត្រូវបញ្ជាអោយស្នាក់នៅក្នុងផ្ទះ។ប៉ូលិសនឹងតាមដានមើលចលនារបស់ប្រជាជននៅក្រៅផ្ទះហើយនឹងដាក់ពិន័យតឹងរ៉ឹងចំពោះអ្នកមិនគោរពបទបញ្ជា។
បណ្តាមន្ទីរពេទ្យ ឳសថស្ថាន ផ្សារទំនើប ព្រមទាំងផ្សារអាហារបន្លែងស្រស់ ស្ថិតចំណោមសេវាសំខាន់ចាំបាច់ដែលនៅបើកដំណើរការ។
ក្រុងម៉ាកាវបានកត់ត្រាឃើញអ្នកឆ្លងកូវីដ១៩ប្រមាណ១.៥០០នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ឥឡូវមនុស្សប្រមាណ១៩.០០០នាក់កំពុងក្នុងមណ្ឌលចត្តាឡីស័ក នេះបើតាមតួលេខរបស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា កាស៊ីណូនៅម៉ាកាវបានបិទចុងក្រោយកាលពីខែកុម្ភៈឆ្នាំ២០២០អស់ពេល១៥ថ្ងៃ នៅក្នុងចំណាត់ការមិនដែលធ្លាប់មានមួយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លង។
រដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការបិទកាស៊ីណូដោយសារត្រូវរក្សាការងារធ្វើ។ឧស្សាហកម្មនេះជួលមនុស្សស្ទើរទាំងអស់ក្នុងមួយទីក្រុងនេះ និងទទួលខុសត្រូវលើចំណូលជាង៨០ភាគរយនៃតំបន់រដ្ឋបាលចិននេះ។
តាមពិតបណ្តាកាស៊ីណូនៅទីនោះគ្មានមនុស្សចូលលេងអស់ប៉ុន្មានសប្តាហ៍មកហើយដោយសារការរឹតបន្តឹងប្រឆាំងកូវីដ១៩។
ពួកអ្នកវិភាគនិយាយថា ការបិទលើកនេះអាចនឹងប្រើពេលពីរបីសប្តាហ៍និងការរើបរើឡើងវិញនៃចំណូលអំពីល្បែងអាចនឹងមានឡើងវិញនៅចុងត្រីមាសទីបីឬទីបួនឯណោះ។
អាជ្ញាធរបានបន្ថែមសណ្ឋាគារពីរនៅរមណីយដ្ឋានកាស៊ីណូដ៏ពេញនិយមដើម្បីប្រើជាកន្លែងពិនិត្យព្យាបាលកូវីដ ក្នុងពេលខ្លួនបង្កើនសមត្ថភាពដោះស្រាយកំណើននៃការឆ្លង។
សូមបញ្ជាក់ថា ប្រជាជនម៉ាកាវជាង៩០ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩ពេញលេញ តែនេះជាលើកដំបូងដែលទីក្រុងល្បែងនេះជួបការវាយប្រហារពីវីរុសអូមីក្រុងបំប្លែងខ្លួនចម្លងលឿន៕
អ្នកក្រុងម៉ាកាវ ពាក់ម៉ាស់និងធ្វើតេស្តិ៍រកកូវីដ១៩ នៅពេលកាស៊ីណូនិងកន្លែងអាជីវកម្មមិនចាំបាច់ត្រូវបិទក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ