ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ យោងតាមប្រភពនានាបានឱ្យដឹងថា ជនសង្ស័យនៅក្នុងការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បាននិយាយថាកាំភ្លើងច្នៃរាងម៉ាស៊ីនថតរបស់អ្នកកាសែតដែលប្រើក្នុងការវាយប្រហារ “ត្រូវបានរចនាឡើងដើម្បីបាញ់គ្រាប់ចេញម្តងចំនួនប្រាំមួយគ្រាប់ក្នុងពេលតែមួយ”។
កាំភ្លើងស្រដៀងគ្នានេះមួយចំនួនត្រូវបានរកឃើញនៅផ្ទះរបស់ជនសង្ស័យឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្គាមី (Tetsuya Yamagami)អាយុ ៤១ ឆ្នាំ ជាអតីតសមាជិកកងកម្លាំងស្វ័យការពារដែនសមុទ្រ គ្មានការងារធ្វើ។
ប៉ូលិសខេត្តណារ៉ាជឿថា យ៉ាម៉ាហ្គាមីបានបង្កើតគំរូកាំភ្លើងច្នៃជាច្រើន ហើយជ្រើសរើសកាំភ្លើងសាហាវបំផុតដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។
យ៉ាម៉ាហ្គាមីត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុនៃការបាញ់ប្រហារកាលពីថ្ងៃសុក្រ ទី ៨ កក្កដា។
លោកអាបេអាយុ ៦៧ ឆ្នាំត្រូវបានបាញ់ប្រហារនៅទីក្រុងណារ៉ាភាគខាងលិចនៅម៉ោង ១១៖៣០ ព្រឹកថ្ងៃសុក្រ ហើយបានស្លាប់នៅមន្ទីរពេទ្យ។
លោកអាបេ ជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ជប៉ុនបានកំពុងធ្វើយុទ្ធនាការសម្រាប់បេក្ខជនគណបក្សប្រជាធិបតេយ្យសេរីក្នុងការឈរឈ្មោះបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យទី១០កក្កដា។ គាត់កំពុងថ្លែងសុន្ទរកថានៅជិតស្ថានីយរថភ្លើងយ៉ាម៉ាតូ-សៃដៃជី (Yamato-Saidaiji) នៅពេលគាត់ត្រូវគេបាញ់ពីខាងក្រោយ៕
ជនសង្ស័យបាញ់សម្លាប់អាបេ ឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្គាមី