ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាបានរង់ចាំ រយៈពេល៦៤ឆ្នាំទើបសម្រេច ចិត្តយកឆ្នាំ២០២៣ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ។ សម្តេចតេជោបានលើកឡើងថាយើងបានខកខានចាប់យកឱកាសនេះជាច្រើនលើកច្រើនសារដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាពពេញលេញនិងកៀរគរធនធានចាំបាច់គ្រប់គ្រាន់សម្រា ប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អនិងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមនិងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអា គ្នេយ៍នៅព្រឹកថ្ងៃចន្ទទី ១១ ខែកក្កដាឆ្នាំ២០២២នេះនៅសណ្ឋាគារសុខា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិប្រកបដោយភាពកក់ក្តៅបដិសណ្ឋារកិច្ចល្អនិងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡានិងភ្ញៀវជាតិ-អន្តរជាតិដើម្បី ទទួលបានបទពិសោធន៍ល្អបំផុតក្នុងការ ចូលរួមការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោបានបន្តថាសម្តេចតេជោតែងតែលើកឡើងថានយោបាយគ្មានស្តង់ដារពិតប្រាកដទេប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដមានច្បាប់កីឡាតែមួយមានបទបញ្ជា ការប្រកួតកីឡាតែមួយនិងមានគោលដៅតែមួយគឺការកសាងពិភពលោកមួយល្អប្រសើរនិងការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាពនិងស្ថិរភាពសង្គម ។បច្ច័យវិជ្ជមាននិង ផលប្រយោជន៍កីឡាលើកទឹកចិត្តឱ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងពង្រឹងកិច្ចសហការគ្នាក្នុងស្មារតីបុរេសកម្មនិងអន្តរសកម្មក្នុងការកសាងវិស័យកីឡាជាតិនីមួយៗឱ្យបានផុស ផុលរីកចម្រើនជាលំដាប់ ។

គួរបញ្ជាក់ឆ្នាំ២០២២-២០២៣ នេះគឺជាឆ្នាំដ៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននិងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ។ ក្នុងនាមជាប្រធានប្តូរវេននៃស្ថាប័នតំបន់ទាំងពីរកម្ពុជាមានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការ ដោះស្រាយរាល់បញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្មនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយសំដៅជំរុញល្បឿននៃ ការអភិវឌ្ឍសម្រាប់ជោគវាសនានិងវិបុលភាពរួម ៕