ដោយ: សុខុម / ស្ទឹងត្រែង: លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បាននាំមន្ត្រី ចុះដាំគ្រាប់ត្នោត ចំនួន ៣ មុឺនគ្រាប់ លើផ្ទៃដី ២៧ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ៤២ ដល់បង្គោលលេខ៤៩ ដើម្បីចូលរួមដាំអបអរសាទរ រុក្ខទិវា៩កក្កដា ឆ្នាំ២០២២។  ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តស្ទឹងត្រែង ដាំគ្រាប់ត្នោត បានជាង ២០ មុឺនគ្រាប់ នៅតាមព្រំដែនកម្ពុជា ឡាវ និងបានដុះលូតលាស់ ចេញរូបរាង ជាកូនត្នោតបណ្ដើរៗ ហើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថាៈ គ្រាប់ត្នោត ដាំនៅតាមបណ្តោយ ខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ក្នុងគោលបំណងរក្សាបាន នូវបូរណភាពទឹកដី ជាប្រយោជន៍សម្រាប់កូនចៅ ជំនាន់ក្រោយ បានដឹង និងបានស្គាល់ និងចេះស្រឡាញ់អ្វី ដែលជាអត្តសញ្ញាណជាតិ។

លោក ស្វាយ សំអ៊ាង បានលើកឡើងទៀតថាៈ ដើមត្នោត ជារុក្ខជាតិដែលផ្តល់នូវ គុណសម្បត្តិច្រើនយ៉ាង ដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណ និងជានិមិត្តសញ្ញា តំណាងអត្តសញ្ញាណជាតិ ដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរ សម្គាល់ភាពទឹកដីរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីឆ្នាំ២០១៦ មក​ខេត្តស្ទឹងត្រែង ដាំគ្រាប់ត្នោត បាន ៦ លើក។ ដាំលើកទី១ ឆ្នាំ២០១៦ ដាំគ្រាប់ពូជត្នោត ១១.៥០០ គ្រាប់, លើកទី២ ឆ្នាំ២០១៧ ចំនួន ១០.០០០ គ្រាប់, លើកទី៣ ឆ្នាំ២០១៨ មានគ្រាប់ពូជត្នោត ២៥.០០០ គ្រាប់, លើកទី៤ ឆ្នាំ២០១៩ មានចំនួន ៣០.០០០ គ្រាប់ លើកទី៥ មានចំនួន ១០០.០០០ គ្រាប់ និងលើកទី៦នេះ មានគ្រាប់ពូជត្នោត ចំនួន ៣០.០០០ គ្រាប់ ៕/V-PC