ដោយៈ វណ្ណៈ / ព្រះសីហនុៈ នគរបាលខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន ៧ នាក់ ពាក់ព័ន្ធអំពើឆក់កាបូប និងទូរស័ព្ទរបស់ពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ច ចាប់បានជាបន្តបន្ទាប់ កាលពីថ្ងៃទី៦ កក្កដា កន្លងទៅនេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ ការិយាល័យជំនាញរបស់យើង បានឃាត់ខ្លួនជាបន្តបន្ទាប់ នូវមុខសញ្ញាធ្វើសកម្មភាព ឆក់ទូរស័ព្ទ និងកាបូប របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម មួយក្រុមធំ ដែលមកពីរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២២ ដែលមុខសញ្ញាសង្ស័យទាំងនោះ មានគ្នាចំនួន ៧ នាក់ និងដកហូតបានសម្ភារ វត្ថុតាងមួយចំនួន ។

ជនសង្ស័យ ជាក្មេងប្រុសចំនួន ៧នាក់ ដែលពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) នោះ រួមមានៈ ១-ឈ្មោះ ផល លុច ហៅ ចាស់ អាយុ ១៥ឆ្នាំ នៅភ្នំពេញ។ ២-ឈ្មោះ ណែម ផានិត ហៅ ខ្និត អាយុ ២០ឆ្នាំ នៅភ្នំពេញ ។ ៣-ឈ្មោះ ឈៀង សីហា អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ នាង សុផា ហៅ ឡេវ អាយុ ១៧ឆ្នាំ ស្នាក់នៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ទាំងបួន នាក់នេះ ជាជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា ។ ៥-ឈ្មោះ ឃុត សុជាតិ ហៅ ញ៉ា អាយុ ១៨ឆ្នាំ មុខរបរដឹកម្ហូប ។ ៦-ឈ្មោះ ឆាន់ ណាទ្រីវ ហៅ ហេង អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ពីរនាក់នេះ ជាជនជាតិខ្មែរ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៧-ឈ្មោះ ហ៊ួ គឹមសេង ហៅ ពូជ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារវត្ថុតាងចាប់យកបាន មាន -ម៉ូតូចំនួន ៥ គ្រឿង (ជាមធ្យោបាយធ្វើសកម្មភាព)ដូចជា ១-ម៉ាកស៊ុយហ្សុ៊យគី និច ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-8416 ។
២-ម៉ាកស៊ុយហ្សុ៊យគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-3455 (ប្រើស្លាកលេខ ក្លែងបន្លំ សម្រាប់ធ្វើសកម្មភាពឆក់) ៣-ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ កណ្តាល 1AJ-1655 ។ ៤-ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-0372 ។ ៥-ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ -ស្លាកលេខម៉ូតូ ១ផ្ទាំង លេខ ភ្នំពេញ 1IU-9928 (ផ្លាស់ប្តូរពេលធ្វើសកម្មភាពឆក់) -ទូរស័ព្ទចំនួន ៦គ្រឿង និងកាបូបដាក់ លុយចំនួន៥ ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនខ្លួនជនសង្ស័យ ទាំង ៧ នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមបន្តនីតិវិធី ៕/V-PC