ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ បានចេញសេចក្តីណែនាំមួយ ស្តីពីការយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រយៈពេល ៩០ ថ្ងៃ ពោលគឺ ចាប់ពីខែកក្កដា ដល់ដំណាច់ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។
បើតាមសេចក្តីណែនាំនេះ ក្រសួងការងារ បានបញ្ជាក់ថាៈ នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ជ្រាបថាៈ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី ការងារ និងប្រកាសលេខ ១៧០/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្តីពីកាលបរិច្ឆេទ នៃការចាប់ផ្តើមបង់ភាគទាន នៃរបបសន្តិ សុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទាន ជាកាតព្វកិច្ច និងរបបភាគទាន ដោយស្ម័គ្រចិត្ត ក្រសួង គ្រោងនឹងរៀបចំ យុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រយៈពេល៩០ ថ្ងៃ គឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។
ក្នុងសេចក្តីណែនាំដដែលនេះ ក្រសួងការងារ បានឱ្យដឹងបន្ថែមថាៈ ការផ្សព្វផ្សាយ នេះដែរ នឹងធ្វើឡើងនៅតាមតំបន់សំខាន់ៗ ដូចជា នៅតាមបណ្តាតំបន់សេដ្ឋកិច្ច ពិសេស សួន ឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្នុងន័យនេះ ដើម្បីឱ្យការរៀបចំយុទ្ធនាការផ្សព្វផ្សាយ ខាងលើ បានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក្រសួងស្នើសុំដល់នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវផ្តល់កិច្ចសហការផ្តល់ទីកន្លែង និងរៀបចំកម្មករ និយោជិត ឱ្យបានចូលរួម ស្វែងយល់ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបប សន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់ បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដែលមានរយៈពេល យ៉ាងតិចចំនួន២ ម៉ោងក្នុង មួយពេល។
ក្រសួងការងារ បានបញ្ជាក់ក្នុងសេចក្តីណែនាំរបស់ខ្លួនដែរថាៈ ជាមួយគ្នានេះ នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវធានាថា កម្មករ និយោជិត របស់ខ្លួន បានចូលរួម ដើម្បីយល់ដឹងពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍ នៃការចូលរួមក្នុងផ្នែកប្រាក់សោធន៕/V-PC