ដោយៈ បាយ័ន / សៀមរាបៈ គម្រោង​ជួសជុល និង​អភិរក្ស​កុដិ​ឈើ​បុរាណ នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន ដែលមាន​ទីតាំង​ស្ថិត ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ទទួលបាន​ថវិកា និង​បច្ចេកទេស​ទាំងស្រុង ពី​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​ជា​ស្ថាពរ ហើយ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​។ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថាៈ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង និង​យកចិត្ត​ទុក ដាក់​ពី​សំណាក់ មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា គឺ​បាន​ជួសជុល​កុដិ​ឈើ​ពីរ​ខ្នង ដែលមាន​សភាព​ចាស់ ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និង​ធ្លា​ក់បាក់ ឱ្យ​ល្អ​ឡើងវិញ ព្រមទាំង​ជួសជុល​ពង្រឹង​កែលម្អ នៅតាម​កន្លែង​ជាច្រើន​ទៀត ដូចជា ការជួស ជុល​ជញ្ជាំង ជើង​ជញ្ជាំង ដំបូល​ជាដើម និង​ផ្នែក​សំខាន់ នៃ​គ្រឿង​បង្គុំ​សំណង់ មួយចំនួនទៀត ឱ្យ​រួច​ផុតពី​ហានិភ័យ និង​រក្សាបាន​នូវ ភាពរឹងមាំ​ឡើងវិញ​។​

​សូមបញ្ជាក់ថា កុដិ​ឈើ​ចាស់ នៅ​វត្ត​ព្រហ្ម​រ័ត្ន​នេះ មាន​ទទឹង ១៣,៦៥ ម៉ែត្រ បណ្តោយ ១៤,៧៨ ម៉ែត្រ និង​កម្ពស់ ៧,៧៧ ម៉ែត្រ​។ គោលបំណង នៃ​ការងារ ជួសជុល និង​អភិរក្ស ខាងលើ គឺ​ដើម្បីឱ្យ​សំណង់​កុដិ​ឈើ​នេះ អាចបំពេញ តួនាទី​របស់ខ្លួន បន្តទៅទៀត ដើម្បី​ជា​ប្រយោជន៍ ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការសិក្សា​រៀនសូត្រ ជាពិសេស រក្សា​នូវ​មរតក​ពី​បុរាណ ព្រមទាំង​អាច ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​ទេសចរ មក​ទស្សនា​ស្វែងយល់​បន្ថែម ក្រៅពី​សំណង់​ប្រាសាទបុរាណ​របស់​យើង​ផងដែរ​៕/V​-PC