ដោយៈ សុខុម / ស្ទឹងត្រែងៈ ព្រៃសហគមន៍ភ្នំជម្រកសត្វ ដែលមានភ្នំឈ្ងោក មួយ ដ៏ខ្ពស់ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រងការកាប់ បំផ្លាញ ស្ទើរបាត់បង់ ទាំងស្រុង តាមរូបភាពរានព្រៃ យកដីធ្វើកសិកម្ម។ មកដល់ បច្ចុប្បន្ននេះ អាជ្ញាធរសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ថែរក្សាព្រៃ ដែលនៅសេសសល់ និងដាំដើមឈើឡើងវិញ ឲ្យក្លាយជាតំបន់បៃតង។
ភ្នំឈ្ងោក គឺជារមណីយដ្ឋានទេសចរណ៍ បែបធម្មជាតិ លាយឡំព្រៃសហគមន៍ អេកូទេសចរណ៍ ភ្នំជម្រកសត្វដ៏ទាក់ទាញមួយ នៅក្នុងស្រុកថាឡាបរិវ៉ាត់ មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង។ សហគមន៍ព្រៃឈើភ្នំ ជម្រកសត្វ និងភ្នំឈ្ងោក ត្រូវបានរៀបចំបង្កើតឡើង នៅឆ្នាំ ២០១៨ ដោយមានការ សម្របសម្រួល ពីអង្គការសេប៉ា (CEPA) ក្រោមជំនួយមូលនិធិខ្នាតតូចពី អង្គការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) សហការជាមួយជំនាញពាក់ព័ន្ធ រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខណ្ឌរដ្ឋបាលព្រៃឈើ, មន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍ និងមានការចូលរួមយ៉ាងសកម្ម ពីសហគមន៍ព្រៃឈើ និងអាជ្ញាធរ ។
ដោយសារសហគមន៍ព្រៃឈើ ភ្នំជម្រកសត្វ និងភ្នំឈ្ងោក មានសារៈសំខាន់ ផ្ដល់ប្រយោជន៍ ដល់វិស័យទេសចរណ៍នោះ អាជ្ញាធរខេត្តស្ទឹងត្រែង បានដាំដើម ឈើជាច្រើនប្រភេទ ជាង ១.០០០ ដើម នៅព្រៃសហគមន៍មួយនេះ កាលពីពេល កន្លងទៅ។ ដើមឈើ ដែលបានដាំ ទាំងនោះ រួមមាន ឈើកម្រ និងកូនឈើប្រណិត ដូចជាដើមក្រញូង ៨០០ ដើម បេង ១៨០ ដើម ក្ងោក ៣០០ ដើម និងស្វាយកែវ រមៀត ១០០ ដើម។
ក្រៅពីនេះ ខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើ ដល់ព្រះសង្ឃ និងចែកជូន កូនឈើ ដល់សហគមន៍, សាលារៀន និងប្រជាពលរដ្ឋ ចំនួន ៥.០០០ ដើម ដើម្បីដាំក្នុងឱកាសនៃ ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២៕/V-PC