​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​បាន​ធ្លាក់ចុះ​បន្តិច​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​ក្នុង​ពាណិជ្ជកម្ម​ដ៏​ប្រែប្រួល​ដោយ​បញ្ច្រាស​កំណើន​ថ្លៃ​កាលពី​សប្តាហ៍​មុន ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ឳ​នភា​ពឬ​​កំណើន​អវិជ្ជមាន​នៃ​សេដ្ឋកិច្ច​សកល​មួយ​និង​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​នៅ​ចិន ដែល​វា​នឹង​ធ្វើអោយ​ប៉ះពាល់​ដល់​សេចក្តីត្រូវការ​។​

​ប្រេង​ឆៅ​ផ្សារ​Brent​នៅ​អាស៊ី​ចុះ​៨២​សេន​ឬ​០,៨​ភាគរយ មក​នៅត្រឹម​១០៦,២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​បន្ទាប់ពី​វា​ឡើង​២,៣​ភាគរយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​ប្រេង​ផ្សារ​WTI​នៅ​អាម៉េរិក​ចុះ​១,០៤​ដុល្លារ​​មក​នៅត្រឹម​១០៣,៧៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ផងដែរ ក្រោយ​ឡើង​២​ភាគរយ​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ANZ Research​បាន​និយាយថា​«​ប្រេង​ផ្សារ​WTI​ធ្លាក់​ចុះ​ដល់​កំរិត​ទាប​បំផុត​របស់​វា​គិត​ចាប់តាំងពី​ខែ​មីនា ឆ្នាំ​២០២០ នៅពេល​សេចក្តីត្រូវការ​ដួលរលំ​ចំ​ពេល​មាន​ការផ្ទុះកូ​វីដ​១៩​ដំណាក់កាល​ដំបូង ទោះជា​ការផ្គត់ផ្គង់​នៅ​ជួប​ការលំបាក​»​។​

​ទិន្នន័យ​សំរាប់​ថ្ងៃ​១០​កក្កដា​អំពី​ការ​ឆ្លងកូវី​ដ​១៩​នៅ​ចិន បង្ហាញ​ចំនួន​ឆ្លង​កើនឡើង​ហួស​ពី​មួយ​ថ្ងៃមុន​។​វា​នៅតែ​មាន​ការព្រួយបារម្ភ​អំពី​ការបិទ​ខ្ទប់​ធំ​ឡើង​ក្រោយ​ការរកឃើញ​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ថ្មី​នៅ​​ទីក្រុង​សៀង​ហៃ​។​

​ខាង​ផ្គត់ផ្គង់ ទីផ្សារ​នៅ​តែ​ខ្វល់ខ្វាយ​អំពី​ផែនការ​របស់​បណ្តា​ប្រទេស​លោកខាងលិច​ក្នុង​ការបំពេញ​តំរូវការ​ពេល​បិទ​ខ្ទប់​ការនាំ​ចូល​ប្រេង​រុស្ស៊ី ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ហើយ​​ថា ការដាក់ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​វា​នឹង​រឹតតែ​បង្ក​ផលវិបាក​នៅក្នុង​ទីផ្សារ​ថាមពល​ពិភពលោក​។​

​កក្តា​សំខាន់​មួយទៀត​ដែល​ពួក​ឈ្មួញ​នៅ​តាមដាន​មើល​គឺ​ការជួសជុល​បំពង់​បង្ហូរ​ហ្គាស​Nord Stream 1​ដែល​ជា​បំពង់​បង្ហូរ​ថាមពល​ធំ​បំផុត​តែ​មួយគត់​សំរាប់​នាំ​ហ្គាស​រុស្ស៊ី​ទៅកាន់​អាល្លឺម៉ង់ ។​បណ្តា​​រដ្ឋាភិបាល​និង​ទីផ្សារ​រួមទាំង​ក្រុមហ៊ុន កំពុង​បារម្ភ​ថា​ការបិទ​បំពង់​បង្ហូរ​ហ្គាស​នេះ​អាច​នឹង​អូសបន្លាយ​ពេល​ដោយសារ​សង្គ្រាម​អ៊ុ​យក្រែន​។​

​ស្ទេ​ហ្វិន អ៊ី​នស៍​(Stephen Innes)​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​SPI Asset Management​បាន​និយាយថា​« បញ្ហា​ធំ​សំរាប់​ទីផ្សារ​នៅពេល​ឥឡូវ បំភ្លេ​ចកូ​វីដ​និង​កាលកំណត់​របស់​លោកបៃ​ដិន​ចេញ​​ទៅ វា​គឺ​នៅ​ត្រង់​ថា​តើ​បំពង់​បង្ហូរ​ហ្គាស​Nord Stream នឹង​វិល​មក​ដំណើរការ​វិញ​តាម​កាល​កំណត់​ថ្ងៃ​២២​កក្កដា​ដែរ​ឬ​អត់​។​បើ​មិន​អាច​ទេ វា​នឹង​នាំ​ដល់​បញ្ហា​តំរូវការ​ហ្គាស​នៅ​អឺរ៉ុប ដែល​នៅ​ទីបំផុត​នាំ​​ដល់​ការធ្លាក់ចុះ​សេដ្ឋកិច្ច តំរូវការ​ប្រេង​ធ្លាក់​ចុះ​និង​ការជាប់គាំង​សេដ្ឋកិច្ច​តែម្តង​»​។​

​វា​ក៏​នៅ​មាន​សំណួរ​ថា​តើ​ប្រេង​ឆៅ​នឹង​ហូរ​ចេញពី​កា​ហ្សាក់​ស្ថាន​តាម​ក្រុមហ៊ុន​បំពង់ប​ង្ហូ​រ​ប្រេង​សមុទ្រ​កា​ស្ពែន​(CPC)​បានយូរ​ប៉ុណ្ណា​បន្ទាប់ពី​តុលាការ​រុស្ស៊ី​មួយ​បញ្ជា​អោយ​បិទ​កាលពី​សប្តាហ៍​មុន​។​ការផ្គត់ផ្គង់​​បាន​បន្ត​នៅ​បំពង់​បង្ហូរ​ប្រេង​នេះ​តាំងពី​មុន​មក ដែល​នាំ​ប្រេង​ប្រមាណ​១​ភាគរយ​នៃ​តំរូវការ​ប្រេង​លើ​លោក​៕