ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ស្រីលង្កាត្រូវការ ៦ ពាន់លានដុល្លារអាម៉េរិករហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីទិញប្រេងឥន្ធនៈនិងទំនិញសំខាន់ៗផ្សេងទៀតដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរង្គោះរង្គើរបស់ខ្លួន។
សំណួរគឺថាតើលុយនេះនឹងមកពីណា។
ឥណ្ឌា ដែលជាអ្នកឧបត្ថម្ភខ្ជាប់ខ្ជួនបំផុតមួយរបស់ខ្លួន បានផ្តល់ឥណទាននិងប្រាក់កម្ចីចំនួន៤ពាន់លានដុល្លារ ដែលស្រីលង្កាបានប្រើអស់រលីងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅទីក្រុងកូឡុំបូ ក្រុមមន្ត្រីឥណ្ឌាបានបង្ហាញពីឆន្ទៈក្នុងការបន្តគាំទ្រដល់ស្រីលង្កា។ ប៉ុន្តែគេមិនដឹងច្បាស់ថាតើឥណ្ឌានឹងជួយបានច្រើនប៉ុនណាទៀតនោះទេ។
ស្ថានភាពគឺកាន់តែតានតឹងខ្លាំងរហូតដល់ថ្នាក់ស្រីលង្កាស្នើសុំទិញប្រេងឥន្ធនៈជំពាក់សិនពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ គណៈប្រតិភូរដ្ឋាភិបាលថែមទាំងត្រូវបានបញ្ជូនទៅក្រៅប្រទេសដើម្បីជួបជាមួយនរណាក៏បានដែរឱ្យតែអាចជួយបាន រួមទាំងអង្គការសប្បុរសធម៌នៅប្រទេសកាតាផងដែរ។
ប្រទេសចិន ជាសម្ពន្ធមិត្តយូរលង់របស់គ្រួសារកាន់អំណាច រ៉ាចាប៉ាក់សា (Rajapaksa) បានដោះដៃចេញពីពួកគេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ពួកគេ តែស្រីលង្កាកាលពីពេលថ្មីៗបានប្រកាសក្ស័យធនលែងអាចសងបំណុលបរទេសណាបានហើយ។
ថ្លៃប្រេងឥន្ធនៈប្រចាំខែតែឯងរបស់ស្រីលង្កាគឺមានចំនួនប្រហែល ៥០០ លានដុល្លារ។ ក្រុមមន្ត្រីបាននិយាយថាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈជាប្រពៃណីរបស់ខ្លួនមានការស្ទាក់ស្ទើរក្នុងការលក់ប្រេងឱ្យទៅប្រទេសនេះ ដោយសារតែក្រុមហ៊ុនប្រេងរបស់រដ្ឋកំពុងជាប់ជំពាក់បំណុលវ័ណ្ឌកដែលខ្លួនគ្មានលទ្ធភាពសង។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនបានបដិសេធមិនព្រមដាក់ប្រេងចុះពីកប៉ាល់ដែលចូលចតនៅកំពង់ផែស្រីលង្កាទេទាល់តែការទូទាត់ប្រាក់ត្រូវបានធ្វើឡើង៕
ស្រីលង្កាត្រូវការ៥០០លានដុល្លាររៀងរាល់ខែដើម្បីនាំចូលប្រេងឥន្ធនៈ