ដោយៈមុនីរ័ត្ន / ភ្នំពេញ: ជាទូទៅ ប្រជាជនកម្ពុជា ក្រៅពីមិនហ៊ានចំណាយថវិកា លើការថែទាំសុខភាព ក៏មិនមានទម្លាប់រៀបចំ ផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែល ពួកគាត់ ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើន ត្រូវពឹងផ្អែកលើការឧបត្ថម្ភ របស់កូនចៅ។ ទម្លាប់នេះ ជាកត្តាជំរុញឱ្យប្រជាជនកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូល ក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះ ត្រូវបានគិតគូរពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ ស្តីពីរបបសន្តិសុខសង្គម ។
នៅក្នុងច្បាប់នេះ កំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ មកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គម ចំនួន ៣ រួមមានៈ ទី១.ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀត ដែលជា ”ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញនៅកម្ពុជា” និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូល ក្នុងភាពក្រីក្រ នៅពេលចូលដល់ វ័យចាស់ជរា។
នេះជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏ជាកិច្ចប្រជុំលើកទី១ នៃយុទ្ធនាការ ៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយ ពីកាតព្វកិច្ច និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិត។
លោកបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ថាៈ យុទ្ធនាការ ៩០ ថ្ងៃ របស់បេឡាជាតិ សន្តិសុខសង្គម ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករ និយោជិត នៃវិស័យឯកជនទាំងអស់ ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាល បានគិតគូរវែងឆ្ងាយ ដល់ស្ថិរភាពនៃប្រាក់ចំណូល របស់បងប្អូនកម្មករ និយោជិត នៃវិស័យឯកជន។
ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីធានាថា ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ យល់ដឹងពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណា អាចផ្សព្វផ្សាយបន្ត ទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករ និយោជិត ក៏ដូចជា សាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នា ចូលរួមអនុវត្តច្បាប់ ស្តីពីរបបសន្តិសុខសង្គមឱ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួល នូវការញុះញង់ ការទទួលព័ត៌មានមិនពិត ពីក្រុមជនអគតិមួយចំនួនតូច។
ក្នុងស្ថានភាពដែលប្រទេសកម្ពុជា មានការរីកចំរើន លើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខ សង្គម មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់នូវការគាំពារ ចំពោះប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនទាន នៃការចែករំលែក និងគោលការណ៍ សាមគ្គីធម៌ក្នុងសង្គម តាមរយៈគោលការណ៍ នៃការចែករំលែក ប្រាក់ចំណូល តាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេង ជួយដល់ជនចាស់ជរា ដែលការនេះធ្វើឱ្យមនុស្ស ក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅ ក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនា នៅក្នុងសង្គម។
លោករដ្ឋមន្ត្រី ជឿជាក់ថា បេឡាជាតិសន្តិសុខសង្គម នឹងនៅតែខិតខំអនុវត្តតួនាទី ពង្រឹង និងពង្រីកវិសាលភាពរបស់ខ្លួន ផ្ដល់សេវាសាធារណៈ ដល់សមាជិកអនុលោមតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានា សន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗ ជាបន្តបន្ទាប់ទៀត៕/V