ដោយៈ បាយ័ន / សៀមរាបៈ ក្រុមជំនាញផ្នែកព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើ ដែលកំពុងបង្កហានិភ័យខ្ពស់ មកលើរចនាសម្ព័ន្ធខ្លោងទ្វារជ័យ នៃអតីតក្រុងអង្គរធំ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹង ដូច្នេះនៅថ្ងៃត្រង់ទី១១ ខែកក្កដា នេះ។
អាជ្ញាធរជាតិអប្សរា បាននិយាយថាៈ កិច្ចការងារនេះ ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ ដល់បង្កាន់ដៃនាគ និងរចនាសម្ព័ន្ធខ្លោងទ្វារ។
ដើមឈើដែលបាននិងកំពុងកាត់ក្រីមែក មានចំនួន ២ដើម រួមមាន ស្រឡៅ១ដើម និងស្ពង់១ដើម។ ចំណែកឯដើមឈើ កំពុងដកហូតមាន ឈើទាល១ដើម ដែលស្ថានភាព ដើមឈើនេះ ដុះទ្រេតខ្លាំងមកលើបង្កាន់ដៃនាគ ប្រព័ន្ធឫសចាក់ចូល ក្នុងដីសើម ជ្រាយខ្លាំង ស្ថិតនៅជាប់មាត់កសិណ ខាងក្រៅកំពែង៕/V