ដោយៈ បូកគោ / កំពត: អ្នកទេសចរ នៅតែបន្តមកលេងកម្សាន្ត ក្នុងខេត្តកំពត ជាហូរហែទោះបីជាភ្លៀង បានបង្អុរធ្លាក់ស្ទើររាល់ថ្ងែក្តី។ អំឡុងពេលពីរថ្ងៃ នៃថ្ងៃសម្រាកការងារ កាលពីចុងនាសប្តាហ៍ កន្លងទៅនេះ ខេត្តកំពត ទទួលបានភ្ញៀវ មកលម្ហែ និងស្នាក់អាស្រ័យ ប្រមាណជិត បីម៉ឺននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថាៈ នៅក្នុងសប្តាហ៍ទី២ នៃខែកក្កដានេះ មានភ្លៀងធ្លាក់ជាមធ្យម។ ទោះជាបែបនេះក្តី ភ្ញៀវទេសចរ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានា នៅតែបន្តមកលម្ហែ នៅតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ និងកន្លែងផ្តល់សេវាកម្សាន្ត ព្រមទាំងស្នាក់អាស្រ័យ ក្នុងខេត្តកំពត ជាហូរហែ។
លោកប្រធានមន្ទីរ បានបន្តថាៈ គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ភ្ញៀវបានមកកម្សាន្ត និងស្នាក់នៅ ចំនួន ២៨.៨៦៨ នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មាន ២៧.៨៦៦ នាក់ និងទេសចរផ្ទៃក្នុង ចំនួន ១.០០២ នាក់។
លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងផងដែរថាៈ ជាមួយសកម្មភាពនេះ មន្ទីរបានរៀបចំ ក្រុមការងារបន្តចុះត្រួតពិនិត្យ នៅតាមគោលដៅកម្សាន្ត រមណីយដ្ឋាន និងកន្លែងផ្តល់សេវា កម្មនានា សំដៅពង្រឹងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ពិសេសវិធានការសុវត្តិភាព ៣កុំ ៣ការពារ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕/V