ដោយៈតាកែវ/ តាកែវៈ អ្នកម៉ៅការប្រមូលសម្រាម រិទ្ធ ចាន់ណាវី នៅក្នុងស្រុកសំរោង លូកដៃចូលកើបលុយសម្រាម តាមផ្ទះ នៅភូមិសាស្ត្រស្រុកបាទី ដោយមិនព្រមសហការ ជាមួយអាជ្ញាធរ ក្រោយរដ្ឋបាលស្រុកបាទី ប្រកាសទទួលយកសេវាករ ប្រមូលសម្រាម ប្រចាំស្រុក ដើម្បីប្រមូលសំរាម ដឹកជញ្ជូនសំរាម និងកែច្នៃសំរាម ទៅតាមបច្ចេកទេសស្តង់ដារ កាលពីដើមខែកក្កដា ឆ្នាំ២០២២នេះ។
រដ្ឋបាលស្រុកបាទី បានចាត់ទុកក្រុមហ៊ុនប្រមូលសម្រាម ដែលមិនគោរពច្បាប់ខាងលើ ជាអ្នកទទួលម៉ៅការ ដែលមិនមានសីលធម៌ ក្រោយពីរដ្ឋបាលស្រុក បានកោះហៅម្ចាស់ ក្រុមហ៊ុន មកធ្វើការពន្យល់ ពីនីតិវិធី ដែលអនុលោមតាមគោលការណ៍របស់រដ្ឋបាលស្រុក ដែលបានសម្រេចទទួលយកលោកស្រី ប្រាក់ ចាន់រដ្ឋា ជាអ្នកម៉ៅការ ក្នុងការប្រមូលសម្រាម ដឹកជញ្ជូនសម្រាម និងកែច្នៃសំណល់រឹង នៅក្នុងភូមិសាស្ត្រស្រុកបាទី ដោយចាប់ផ្តើមអនុវត្តន៍ ចាប់ពីខែកក្កដា ឆ្នាំ២០២២ នេះតទៅ នៅក្នុងដែនសមត្ថកិច្ចស្រុកបាទី ក៏ប៉ុន្តែម្ចាស់សេវាករ ដែលមិនទាន់មានសិទ្ធិ តាមផ្លូវច្បាប់ នៅស្រុកសំរោងនេះ មិនព្រមសហការនោះទេ ថែមទាំងនិយាយថា ខ្លួននៅតែបន្តប្រមូលសម្រាម និងយកលុយជាធម្មតា ហើយបានចាត់ទុក សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទី ស្តីពីការទទួលយកម្ចាស់សេវាករ ក្នុងការប្រមូល សម្រាម ក្នុងស្រុក មិនមានតម្លៃ និងបានដើរចេញពីអង្គប្រជុំ ដោយគ្មានការគោរពអាជ្ញាធរ ដែលជាទង្វើអសីលធម៌ ពិបាកនឹងទទួលយកជាទីបំផុត នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក រៀម វណ្ណវី នាយករដ្ឋបាលស្រុកបាទី ដែលបានដឹកនាំអង្គប្រជុំតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២។
ក្រោយមានសកម្មភាព ដែលជាទង្វើអសីលធម៌ របស់អ្នកម៉ៅការប្រមូលសម្រាម នៅស្រុកសំរោង ក្រុមហ៊ុន រិទ្ធ ចាន់ណាវី ធ្វើដាក់រដ្ឋបាលស្រុកបាទី យ៉ាងដូច្នេះ លោក ភួន ឈីម អភិបាលស្រុកបាទី បានចេញសេចក្តីជូនដំណឹងមួយច្បាប់ ទៅបណ្តារដ្ឋបាលឃុំ ទាំងអស់ នៅក្នុងស្រុក បើសិនជាមានរថយន្តប្រមូលសម្រាមរបស់អ្នកម៉ៅការ ដែលគ្មានការទទួលស្គាល់ស្របច្បាប់ ពីអាជ្ញាធរស្រុក រដ្ឋបាលឃុំ ត្រូវឃាត់រថយន្តនោះទុក និងបញ្ជូនរថយន្តនោះ មករដ្ឋបាលស្រុកបាទីជាបន្ទាន់ និងប្រកាសដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកបាទីទាំងអស់ សហគ្រាស រោងចក្រ គ្រឹះស្ថានឯកជន អាហារដ្ឋាន រមណីយដ្ឋាន នានាទាំងអស់ ត្រូវបញ្ឈប់បង់ថវិកាដល់ក្រុមហ៊ុនប្រមូលសម្រាម រិទ្ធ ចាន់ណាវី ដែលល្មើសច្បាប់ទម្លាប់ ហើយបំពានលើដែនសមត្ថកិច្ចរបស់ខ្លួនផង ។
ពាក់ព័ន្ធលើករណីខាងលើនេះដែរ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាក់ឱ្យដឹង តាមទូរស័ព្ទថាៈ ចំពោះបុគ្គលឈ្មោះ ជឹម សុវណ្ណរិទ្ធ ដែលជាអ្នកប្រមូលសំរាម នៅក្នុងស្រុកសំរោងនេះ គឺលោកនៅមិនទាន់បានផ្តល់សិទ្ធិ ស្របច្បាប់នៅឡើយនោះទេ គឺលោកគ្រាន់តែអនុញ្ញាត ឱ្យគាត់ប្រមូលសម្រាម ជាបណ្តោះអាសន្នសិនតែប៉ុណ្ណោះ ព្រោះគាត់នៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធានាគ្រប់គ្រងសម្រាមបានទេ។
លោកបានបន្តថាៈ សម្រាប់ស្រុកសំរោង រដ្ឋបាលស្រុក ស្វាគមន៍ជានិច្ច បើសិនជាមានដៃគូ វិនិយោគណា ដែលធានាបានបរិស្ថានល្អស្អាត នៅក្នុងការប្រមូលសម្រាម មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ក្នុងការប្រមូលសម្រាម មានឡ មានដីសម្រាប់ស្តុក មានឆន្ទៈខ្ពស់ និងមានមធ្យាបាយដឹកជញ្ជូនគ្រប់គ្រាន់ លោកនឹងផ្តល់សិទ្ធិឱ្យទៅម្ចាស់សេវាករថ្មីតែម្តង ដើម្បីបរិស្ថានល្អស្អាត ក្នុងមូលដ្ឋានស្រុកសំរោង។
ជុំវិញបញ្ហាខាងលើនេះដែរ លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បានបញ្ជាក់ ថាៈ ការបន្តចូលប្រមូលសំរាម ដោយមិនគោរព តាមអនុក្រឹត្យលេខ ១១៣ ដែលចេញដោយ រាជរដ្ឋាភិបាល អ្នកម៉ៅការ ប្រមូលសំរាម រិទ្ធ ចាន់ណាវី អាចនឹងប្រឈមមុខនឹងការព្រមាន ធ្ងន់ៗ ពីក្រសួង បើសិនជានៅតែបំពាន និងមិនគោរពទៅតាមគោលការណ៍ណែនាំ តាមផ្លូវច្បាប់របស់ក្រសួងបរិស្ថាន នៅលើដែនសមត្ថកិច្ចរបស់ខ្លួន ដែលរដ្ឋបាលស្រុក ជាអ្នកកំណត់ឱ្យ៕/V