ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ មន្ទីរ​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០២២ ដែល​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​សំខាន់​លើ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​ការកំណត់ អត្តសញ្ញាណ​កម្ម ជន​មាន​ពិការភាព និង​គម្រោង​គាំទ្រ​កម្មវិធី​ចាក់​វ៉ាក់់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​។

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត និង​ជា​តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មានការ​ចូលរួម​ពី លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ រួម​មន្ត្រីរាជការ នៃ​មន្ទីរ​សង្គមកិច្ច ក្រុង ស្រុក​ប្រតិបត្តិ មេឃុំ ចៅសង្កាត់ និង​មន្ត្រី​កម្មវិធី ជាច្រើន​នាក់​ទៀត​។​

​លោក ថោង ចំរើន បានបញ្ជាក់​ថាៈ ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ ក្រោម​២​ឆ្នាំ ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ ដែល​ផ្តោតលើ​សសរស្តម្ភ​ពី​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម ។ ចំពោះ ការអនុវត្ត​ពិនិត្យ​សុខភាព នៅ​មូលដ្ឋាន​សុខាភិបាល ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ បាន​បើក​ផ្តល់ ថវិកា ជូន​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន ៤.២៨១ នាក់ ស្ត្រី​សម្រាលកូន ចំនួន ៤.១៨០ ករណី និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ មាន​ចំនួន ៣២.៩១១ ករណី ការប្រមូល​ទិន្នន័យ គ្រួសារ​ក្រីក្រ និង​តាម​ការស្នើសុំ អំឡុងពេល​វិបត្តិ​កូ​វីដ​១៩ ទូទាំង​ខេត្ត ពីថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ មាន ២៧.៧៣៣ គ្រួសារ បាន​បើក​ផ្តល់​ឧបត្ថម្ភ ជូន​គ្រួសារ​ងាយ​រងគ្រោះ ពី​ជុំ​ទី​១ ដល់​ជុំ​ទី​៩​។ ដោយឡែក ការកំណត់​អត្តសញ្ញាណ​កម្ម ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន គិត​ត្រឹម​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ ឃុំ សង្កាត់ ចុះ​សម្ភាសន៍ បាន​ចំនួន ៨.៣៩២ នាក់ បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួង បាន​ចំនួន ៨.០៣៣ នាក់ ហើយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អនុម័ត​ចំនួន ៧.៩៧៦ នាក់​។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នេះ លោកស្រី ប៊​ន សុ​ភី បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមការងារ បច្ចេកទេស ដឹកនាំ​ដោយ​នាយកដ្ឋាន សុខមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដែល​បានរៀបចំ ប្រកបដោយ ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​គោលបំណង ដើម្បី​ណែនាំ​អំពី​សកម្មភាព ការងារ សម្រាប់​អនុវត្ត​កម្មវិធី ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ក៍​ដូចជា​កម្មវិធី ផ្សេងទៀត ដែល​បាន​អនុវត្ត នៅ​ឆមាស​ទី​១ កន្លងមក ។​

​លោកស្រី អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្តថាៈ ដើម្បី​ឆ្លើយតប និង​គាំទ្រ​កម្មវិធី​ជំនួយ សង្ក​ម ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុង​អនុវត្ត​និង​ត្រៀមខ្លួន ទទួលយក​កម្មវិធី​ជំនួយ​សង្គម​ថ្មីៗ​បន្តទៀត​នាពេល​អនាគត ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទើប​ក្រសួង​សង្គមកិច្ច និង​មន្ទីរ​សង្គមកិច្ច​រាជធានី ខេត្ត ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ នា​ថ្ងៃនេះ ដើម្បី​រក​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បី​កែលំអ មក​អនុវត្ត​កម្មវិធី ឱ្យបាន​ល្អ ប្រសើរ​ថែមទៀត ហើយ​លោកស្រី អភិបាលរង​ខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក លោកស្រី នឹង​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ថ្មីៗ​បន្ថែមទៀត ដែល​អាចជួយ​ផ្តល់​ការអនុវត្ត​កម្មវិធី នៅតាម​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​អនុវត្ត​បន្ត​៕/V​