​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​មីន គ្រាប់​មិនទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​កងយោធពល​ខេមរភូមិន្ទ​នា​ថ្ងៃទី ១០ និង ១១ ខែ កក្កដា ឆ្នាំ ២០២២ បាន​ចុះ​ត្រួតពិនិត្យ​ការងារ​បោសសំអាត​មីន​នៅ​ភូមិភាគ​ពាយ័ព្យ នៃ​ប្រទេស ។

​លោក​បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​កម្លាំង​ប្រតិបត្តិការ​ជួរមុខ ព្រមទាំង​និវត្តន៍​ជន និង​ជនពិការ​ប្រមាណ​២០០​នាក់ នៅ​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់​មរ​ត​តេ​ជោ់ ដែល​ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​នាឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​បានមក​ទស្សនកិច្ច​នៅ​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់​មរ​ត​តេ​ជោ ព្រមទាំង​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​អង្គភាព​ស៊ីម៉ាក់​ដែល​បាន​ផ្ដួច​ផ្តើមគំនិត​និង​ម្ចាស់ការ​ក្នុងការ​ប្រមូល​ធនធាន​ទាំង​ថវិកា​និង​ស្មារតី​រួមគ្នា រៀបចំ​កសាង​មណ្ឌល​នេះ​ទុក​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច​គ្រួសារ​របស់​មន្ត្រី​ស៊ីម៉ាក់​បន្ទាប់ពី​ចូលនិវត្តន៍ ក៏ដូចជា​កសាង​ប្រភព​ចំណេះដឹង​ដោយ​ជា​សា​សា​ហ្វឹកហ្វឺន​ជំនាញ​សេដ្ឋកិច្ចសង្គម​ជូន​ជនរងគ្រោះ​ដោយសារ​មីន​ផងដែរ​។

​បន្ទាប់ពី​បាន​សំណេះសំណាល​រួចមក នាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​បន្តដំណើរ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​សមិទ្ធផល​នានា​ក្នុង​មណ្ឌល ព្រមទាំង​បាន​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​ផងដែរ​។​

​នៅក្នុង​ដំណើរ​នេះ លោក​ក៏បាន​ចុះទៅពិនិត្យ​គម្រោង​មួយចំនួន នៅ​ខេត្ត​ប៉ៃលិន ដែលជា​អតីត​ស មរ​ភូមិ​សង្គ្រាម​បង្ហូរឈាម​ខ្មែរ ដែល​បាន​កំពុងតែ​ប្រែក្លាយជា​តំបន់​សុខសន្តិភាព​មាន​ដំណាំ​កសិកម្ម​មាន​ភោគផល​ជាច្រើន​ជំនួស​ឲ្យ​គ្រាប់មីន និង គ្រាប់​មិនទាន់​ផ្ទុះ​ដែល​បន្សល់ទុក​ដោយ​សង្គ្រាម ជាច្រើន​៕​