​ដោយៈ​ សុផល​/​ភ្នំពេញ​: យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់ ”​សម្រាប់​គន្ធបុប្ផា បាន​បិទ​បញ្ចប់​ជាមួយ​ការទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ និង​ទទួលបាន​ថវិកា​បរិច្ចាគ​ចំនួន ១ ១៦២ ០៨២ ៥១៧ រៀល​។​

​យុទ្ធនាការ​“១​ម៉ឺន​រៀល​១​ម៉ឺន​នាក់​”​សម្រាប់​គន្ធបុប្ផា​គឺជា​យុទ្ធនាការ​ប្រចាំឆ្នាំ​ថ្មី​បន្ថែម​មួយទៀត​ក្នុងចំណោម​យុទ្ធនាការ​ផ្សេងៗ​ដទៃទៀត​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ជាការ​បំផុសស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​រួមគ្នា​ក្នុង​ការបន្ត​កិច្ចដំណើរការ​របស់​មូ​ល​និ​ធិ​គន្ធបុប្ផា​ទាំង​៥ ទីតាំង ដែល​កំពុង​ព្យាបាល​កុមារ​រាប់ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ​ដោយ​ឥតគិតថ្លៃ ដោយ​ចំណាយ​ថវិកា​ចំនួន​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​លើកទឹកចិត្ត​ដល់​សប្បុរសជន សាធារណជន គ្រប់​ក្រសួង​-​ស្ថាន​ប័ន ក្រុមហ៊ុន​ឯកជន និង​សារព័ត៌មាន​នានា មេត្តា​បន្ត​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងអស់​ដែល​តែងតែ​បន្ត​បរិច្ចាគ​ជូន មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ជាពិសេស​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រសួង​-​ស្ថាប័ន សារព័ត៌មាន និង​ក្រុមហ៊ុន​នានា ដែល​បាន​សហការ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់ ” នាពេល​កន្លងមកនេះ​៕​