ដោយៈសុផល/ភ្នំពេញ: ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អង្គការ សមាគម សម្ព័ន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញនិងបុគ្គលជំនាញជាង១២០រូបដែលបានកំពុងបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ ជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩»។
អង្គប្រជុំ នាថ្ងៃទី១០ខែកក្កដា បានសង្កេតឃើញថា ទោះវិបត្តិកូវីដ-១៩ ត្រូវបានថមថយ តែបរិយាកាសសេដ្ឋកិច្ចសកល និងកម្ពុជា នៅតែរងការគំរាមកំហែងដោយសារសង្គ្រាមនៅអន្តរជាតិនិងសង្គ្រាមត្រជាក់រវាងមហាអំណាចដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជានិងប្រជាពលរដ្ឋខ្មែរជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ចំនួនប្រជាជនបាត់ការងារធ្វើដែលបានចេញពីសេដ្ឋកិច្ចក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធក៏មានគួរឲ្យកត់សម្គាល់និងព្រួយបារម្ភផងដែរ។ការគាំពាប្រជាពលរដ្ឋបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែមានកម្រិតនៅឡើយ។
ថ្នាក់ដឹកនាំជិត ១០០ស្ថាប័ន ដែលបំពេញភារកិច្ចពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមកចែករំលែកបទពិសោធន៍ ការដឹកនាំ និងកត្តាចម្បងផ្សេងៗ ដែលបានជួបប្រទះ សំដៅស្វែងរកជាដំណោះស្រាយ កិច្ចសហការ រវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ និងបន្ថែមធាតុចូលជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិបន្តលើកស្ទួយ និងឆ្លើយតបកាន់តែប្រសើរនូវតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិតពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។
ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានទទួលនូវគោលគំនិត ដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធនឹង ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម តម្រូវការ និងសំណូមពរជាច្រើន ដើម្បីស្ថាប័នទាំងអស់អាចបន្តសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយប្រជាពលរដ្ឋ ក្នុងរបបសេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩៕