​ដោយៈ ពៅ​និមល / ភ្នំពេញ​៖ គិតពី​ថ្ងៃទី​១១ ដល់ទី​២០ ខែកក្កដា ឆ្នាំ​២០២២ នេះ ការកំណត់ថ្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា បាន​ធ្លាក់​ថ្លៃ​ពី ៥.៨០០ រៀល មក​ត្រឹម ៥.២៥០ រៀល ក្នុង​១​លីត្រ​។ រីឯ​ប្រេងម៉ាស៊ូត ធ្លាក់​ថ្លៃ​ពី ៦.២០០ រៀល មក​ត្រឹម ៥.៦០០ រៀល ក្នុង​១​លីត្រ​។

​ក្នុង​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ ចេញផ្សាយ​នៅ​រសៀល ថ្ងៃទី​១១ ខែកក្កដា នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានលើកឡើង​ថាៈ ផ្អែក​តាម​តម្លៃ​មធ្យម ប្រេងឥន្ធនៈ លើ​ទីផ្សារ​អន្តរជាតិ គិត​ក្នុង​រយៈពេល ១០​ថ្ងៃ ដូចគ្នា​ខាងលើ មានតម្លៃ ៥.៥១៥ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥.៨៦៥ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​

​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ទៀតថាៈ ដើម្បី​ជួយ​សម្រួល​ដល់ ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅតែ​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដដែល គឺ​ចំនួន ៦,៥ សេន​ដុល្លារ ក្នុង​១​លីត្រ​។​

​ពាក់ព័ន្ធ​ការកំណត់ថ្លៃ លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នេះដែរ ក្រសួង បានបញ្ជាក់​បន្ថែមថា ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស ដូច​មាន​ក្នុង​ភ្ជាប់​ក្នុង​ឯកសារ​ប៉ុណ្ណោះ​៕/V​.mara