ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកលក់ត្រីម្នាក់បានទិញត្រីហាលីបាត់ (Halibut)ទម្ងន់ ១២១ គីឡូក្រាម និងប្រវែង ១,៨២ ម៉ែត្រ ដែលប្រើមនុស្សបួននាក់ជួយលើកទើបរួច។
នាង ក្លែ វែលស៍ (Clare Welsh) ទទួលបានត្រីធំសម្បើម ដែលថ្លឹងជញ្ជីងមានទម្ងន់ ១២១ គ.កនេះកាលពីដើមសប្តាហ៍នេះ ហើយបាននិយាយថាវាត្រូវការមនុស្សបួននាក់ជួយលើកទើបរួចនៅឯហាងលក់ត្រី Welsh Fishmongers ក្នុងទីក្រុងអេដីនបឺក (Edinburgh) ។
ស្ត្រីវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថា ត្រីនេះត្រូវគេចាប់បាននៅសមុទ្រខាងជើងកាលពីថ្ងៃចន្ទសប្តាហ៍មុន ហើយបាននាំយកទៅទីក្រុងភីតធឺហេដ (Peterhead)ជាកន្លែងដែលនាងទិញវាពីអ្នកនេសាទ មុនពេលដឹកវាទៅកាន់ទីក្រុងអេឌីនបឺកនៅថ្ងៃអង្គារ ទី៥ កក្កដា។
អ្នកលក់ត្រីឈ្មោះ ជីមមី ម៉ាក (Jimmy Mac) បានដេកថតជាមួយនឹងត្រីដ៏ធំសម្បើមនេះ ដោយបង្ហាញមាឌដ៏ធំរបស់វាធៀបទៅនឹងកម្ពស់ ១,៧៧ ម៉ែត្ររបស់គាត់។
ឥឡូវនេះ ត្រីនេះត្រូវបានកាត់ជាកង់ៗច្រកប្រអប់ចំនួន ៤៥០ ហើយនឹងត្រូវលក់ទៅភោជនីយដ្ឋាននានាជុំវិញរដ្ឋធានី ក៏ដូចជាហាងដែលបើកជាលក្ខណៈគ្រួសារនៅស្កុតឡែនផងដែរ៕
អ្នកលក់ត្រីឈ្មោះ ជីមមី ម៉ាក ដេកថតជាមួយនឹងត្រីហាលីបាត់ (Halibut) ទម្ងន់ ១២១ គីឡូក្រាម និងប្រវែង ១,៨២ ម៉ែត្រ