ដោយៈ​សុផល​/​ភ្នំពេញ​៖​កាលពី​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ ថ្នាក់ដឹកនាំ សមាជិក និង​សមាជិកា​នៃ​សមាគមនិស្សិត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន​៥០០​នាក់ដឹកនាំ​ដោយលោក អ៊ុំ វុ​ទ្ធ​ទី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម កញ្ញា ហោ រស្មី ប្រធាន​សមាគម​អាណត្តិទី​៥លោកញិ​ល សូ​វៀត អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម លោក ហុង ហេង​ទ្រី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​អភិវឌ្ឍន៍ កែវ ផុស ខេត្ត​ព្រះសីហនុ ក្រោម​ជំនួយ​ឧបត្ថម្ភ របស់លោក​បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី ៣ នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​ព្រឺទ្ធសភា កម្ពុជា​-​ចិន​។

​កញ្ញា ហោ រស្មី បានឱ្យដឹងថា៖ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​តំបន់​អភិវឌ្ឍន៍​កែវផុស​នេះ គឺជា​ទស្សនកិច្ច​សិក្សា​លើកដំបូង​សម្រាប់​បងប្អូន​និស្សិត ដែល​សិក្សា​នៅ​ប្រទេស​ចិន​។ ការធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​តំបន់​អភិវឌ្ឍន៍​កែវផុស ជំ​រុញឱ្យ​បងប្អូន​និស្សិត​ទាំងអស់​បាន​សិក្សា​ស្វែងយល់​ជាថ្មី និង​បន្ថែម អំពី​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ជា​ឱកាស​កម្រ​មួយ​សម្រាប់​បងប្អូន​និស្សិត​យើងបាន​ជួបជុំនិង​សិក្សា​ចំណេះដឹង​ថ្មីៗ​ជាមួយគ្នា​។មូ​យ​វិញទៀតទស្សន​កិច្ច​សិក្សា​មូ​យ​នេះ បង្ហាញ​ពី​ចំនងមិត្តភាព និង​សាមគ្គី រវាង​បងប្អូន​និស្សិត​។​

​លោក ញិ​ល សូ​វៀត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​បាន​លើកឡើងថា​ក្រោយពី​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​ចិន​បានធ្វើ​ទស្សនកិច្ច​សិក្សា​គ្រប់​តំបន់​អភិវឌ្ឍ នៅ​ខេត្ត​ព្រះសីហនុ​របស់លោក​បណ្ឌិត​ម៉ុង​ឫទ្ធី​រួចមក​បានធ្វើឱ្យ​បងប្អូន​និស្សិត​យើងទាំងអស់គ្នា​ទទួលបាន​នូវ​ចំណេះដឹង​ជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា ដូចជា​៖
១. បច្ចេកវិទ្យា​ថ្មីៗ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម ដោយ​ប្រើ​ពេលវេលា​តិច និង​ទទួលបាន​ផល​ច្រើន​។​
២. ពូជ​សត្វ និង​រុក្ខជាតិ​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន ។​
៣. អភិវឌ្ឍ​តំបន់​ក​សិ​-​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង និង​ក្រៅប្រទេស​។​
៤. កែឆ្នៃ​វត្ថុធាតុដើម​ក្នុងស្រុក​ដើម្បី​លក់​ក្នុង​ទីផ្សារ​ក្នុងប្រទេស និង​នាំ​ចេញទៅ​ក្រៅប្រទេស​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​
៥. កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ពី​ក្រៅប្រទេស​ដើម្បីអោយ​ទីផ្សារ​ក្នុងស្រុក​មាន​ស្ថេរភាព​។​
៦. បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​អោយមាន​ការងារ​ធ្វើ បង្កើន​សេដ្ឋកិច្ច​គ្រួសារ កាត់បន្ថយ​ការ​ចំណាកស្រុក​។​

​លោក​បាន​បញ្ជាក់ថា​៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​ពិតជា​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋ​កម្ពុជា​អោយមាន​ការរីកចំរើន ។​

​លោក អ៊ុំ វុ​ទ្ធ​ទី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​លើកឡើងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ការយកចិត្តទុកដាក់រ​បស់​លោក​បណ្ឌិត ម៉ុង ឫទ្ធី ចំពោះ​យុវជន​ជំនាន់​ក្រោយ​។ ជាពិសេស ការជំរុញឱ្យ​និស្សិត ខិតខំ​សិក្សា​ផ្នែក​កសិកម្ម ដើម្បី​ចូលរួមចំណែក​ការអភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​កម្ពុជា ឱ្យ​កាន់តែ​ទំនើប និង​រីកចម្រើន ដោយហេតុថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​យើង ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​ស្នូល​។ នេះ​ក៏​ជាការ​លើកទឹកចិត្ត​ដល់​បងប្អូន​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​អន​ឡាញ​ពី​ប្រទេស​កម្ពុជា ដែល​រង់ចាំ​ឱកាស​ត្រលប់​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក​បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញ​អំពី​ការពេញចិត្ត​ស្រលាញ់​ចំពោះ​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​ចិន ដែល​តែងតែ​រក្សា​ការ​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង ក្នុងការ​ដឹកនាំ​សមាគមនិស្សិត​កន្លងមក ជាពិសេស ការ​ប្រ​មួល​ផ្តុំ នាំ​និស្សិត​មក​ទស្សនកិច្ច​សិក្សា​មួយ​នេះ ដែល​បាន​ផ្តល់នូវ​ពុទ្ធិ​ផែ្ន​កក​សិ​-​ឧស្សាហកម្ម ជូន​ដល់​បងប្អូន​និស្សិត ដែលជា​ទំពាំង​ស្នង​ឬ​ស្សី សម្រាប់​បន្តវេន​នៅ​ថ្ងៃក្រោយ​។ ។ លោក​បណ្ឌិត ស្វាគមន៍​ចំពោះបងប្អូន​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​ចិន គ្រប់​ជំនាញ ជាពិ​សេ​ស​ខាង​ផ្នែក​កសិកម្ម ដែល​មានបំណង​ធ្វើការ ឬ​ចុះ​កម្មសិក្សា នៅ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​។​

លោក​បណ្ឌិត ក៏បាន​លើកទឹកចិត្ត​បងប្អូន​និស្សិត​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ ទោះបី​កំពុង​សិក្សា​តាម​អន​ឡាញ​ក្តី និង​ជូនពរ​ឱ្យ​បងប្អូន​និស្សិត បាន​ត្រលប់​ទៅ​សិក្សា​ដោយ​ផ្ទាល់​​នៅ​ប្រទេស​ចិន​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕Ph