​ដោយៈ​សុផល​/ព្រះសីហនុ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​មកពី​វិស័យ​ឯកជន​បានរួម​គ្នា​ធ្វើ​យុទ្ធនា​ការសម្អាត​ឆ្នេរសមុទ្រ​ដើម្បី​បំផុស​ចលនា​ឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នូវ​ទម្លាប់​នៃ​ការ​ចោល​សំរាម​។​

​យុទ្ធនាការ​សម្អាត​ឆ្នេរ​នេះ​បាន​ត្រូវធ្វើឡើង ក្រោម​ប្រធានបទ «​កម្ពុជា​ស្អាត កម្ពុជា​បៃតង​» នៅ​ឆ្នេរ​អូរ​ឈើទាល ១ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០២២ ក្រោម​កិច្ចសហការ​រវាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​។​

​លោក ហ៊ួ​ត រិទ្ធី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ មានប្រសាសន៍ថា យុទ្ធនាការ​កម្ពុជា​ស្អាត កម្ពុជា​បៃតង​» នៅ​ធ្នេ​រ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​ឆ្នេរសមុទ្រ​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​កាន់តែច្រើន​ទៅលេង​កម្សាន្ត​នៅ​ធ្នេ​រ ខណៈ​កម្ពុជា​ត្រៀមខ្លួន​ទទួល​រៀបចំ​បុណ្យ​សមុទ្រ និង​ធ្វើជា​ម្ចាស់ផ្ទះ​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក ក្នុង​ខែធ្នូ​ខាងមុខនេះ​។ លោ​បាន​បញ្ជាក់ថា «​ការចូល​រួមទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ មាន​សារសំខាន់​ណាស់ ក្នុងការ​ចូលរួម​ធ្វើឱ្យ​ឆ្នេរ​ស្អាត កម្ពុជា​ស្អាត​»​។​

​លោក Bruce Kidner អគ្គនាយក​គ្រប់គ្រង​ស្តីទី និង​ជា​នាយក​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ប្តេជ្ញា​ចូលរួម​ជា​ចំណែក​មួយ​ក្នុង ចលនា​ធ្វើឱ្យ​ឆ្នេរសមុទ្រ​ស្អាត សំដៅ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នូវ​ទម្លាប់​នៃ​ការ​ចោល​សំរាម​។ លោក​បាន​ថ្លែងថា «​ការចូលរួម​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព​ក្នុង​កិច្ចការពារបរិស្ថាន​»​។

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត​បាននិងកំពុង​ជំរុញ​ចលនា​ពី​គ្រប់​មហាជន ក្នុងការ​គិតគូរ​ឱ្យបាន​ដិតដល់​អំពី​ទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាព​ស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍន៍​និង​ការគ្រប់គ្រង​ទីក្រុង ដើម្បី​ផ្តល់នូវ​ផាសុកភាព និង​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​ទៅ​ទស្សនា និង​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​៕​srn.mara