ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានយោបាយនៅរដ្ឋធានីឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី កាលពីថ្ងៃចន្ទបានព្រមានថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវតែជៀសវាងការដែលមហាអំណាចធំៗប្រើប្រាស់ជា”កូនអុក”។
រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បាននិយាយថាប្រទេសជាច្រើននៅអាស៊ាន ស្ថិតក្រោមសម្ពាធអោយឈរនៅខាងណាមួយក្នុងការប្រកួតប្រជែងរវាងចិននិងអាម៉េរិក
ថ្លែងនៅលេខាដ្ឋានអាស៊ាននៅទីក្រុងហ្សាការតា លោកវ៉ាង បាននិយាយថា ប្រទេសជាច្រើននៅក្នុងតំបន់នេះស្ថិតក្រោមសម្ពាធអោយឈរនៅខាងណាមួយ។«យើងគួរដាក់តំបន់នេះនៅដាច់ពីការគណនានយោបាយ…ចេញពីការត្រូវគូប្រជែងមហាអំណាចធំៗប្រើជាកូនអុកនិងជៀសផុតពីការបង្ខិតបង្ខំ។អនាគតនៃតំបន់របស់យើង គួរនៅក្នុងដៃរបស់ខ្លួនឯងផ្ទាល់»។
អាស៊ីអាគ្នេយ៍ជាតំបន់បែងចែកភូមិសាស្ត្រនយោបាយជាយូរមកហើយរវាងមហាអំណាចធំៗ ដោយសារតែសារសំខាន់យុទ្ធសាស្ត្ររបស់វា ដោយប្រទេសខ្លះថ្លឹងថ្លែងថាគួរជ្រើសរើសការនៅខាងអាម៉េរិកឬចិន។
ការលើកឡើងរបស់លោកវ៉ាង កើតឡើងតែប៉ុន្មានថ្ងៃក្រោយលោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសG20នៅកោះបាលី និងចំពេលចិនធ្វើកិច្ចការទូតយ៉ាងខ្លាំងដែលបាននាំលោកវ៉ាងទៅកាន់ប្រទេសជាច្រើនក្នុងតំបន់នៅប៉ុន្មានសប្តាហ៍មកនេះ។
នៅក្រៅជំនួនG20 លោកវ៉ាងបានជួបប្រជុំអស់ប្រាំម៉ោងជាមួយសមភាគីអាម៉េរិក អ៊ែនថូនី ប្លីងកិន ដោយអ្នកទាំងពីរបានពណ៌នាកិច្ចពិភាក្សាលើកដំបូងរបស់ពួកលោកចាប់តាំងពីខែតុលាថា«ដោយភាពស្មោះត្រង់»។
លោកវ៉ាង បាននិយាយកាលពីថ្ងៃចន្ទថា លោកបានប្រាប់លោកប្លីងកិនថា ភាគីទាំងពីរគួរពិភាក្សាអំពីការបង្កើតច្បាប់សំរាប់ការទាក់ទងវិជ្ជមាននិងរួមគ្នារក្សាតំបន់និយមនៅអាស៊ីប៉ាស៊ីហ្វិក។
បើតាមរដ្ឋមន្ត្រីការបរទេសរូបនេះ «សមាសភាពស្នូលគឺត្រូវគាំទ្រអព្យាក្រិតអាស៊ាន រក្សាក្របខណ្ឌសារជីវកម្មតំបន់ គោរពសិទ្ធិស្របច្បាប់និងផលប្រយោជន៍រវាងគ្នានៅអាស៊ីប៉ាស៊ីហ្វិកជាជាងប្រឆាំងឬម្ខាងខ្ទប់ម្ខាងទៀតមិនអោយងើបរួច»។
ឆ្លើយតបទៅនឹងសំណួរមួយពាក់ព័ន្ធតៃវ៉ាន់ក្រោយការថ្លែងសុន្ទរកថា លោកវ៉ាងបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្យាយាមលេងស្លឹកបៀរតៃវ៉ាន់ដើម្បីរារាំងនិងទប់ការអភិវឌ្ឍរបស់ចិន៕