ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានឱ្យដឹងថា អនុវត្តតាមផែនការហ្វឹកហ្វឺនរៀនសូត្រ របស់មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានបើកវគ្គហ្វឹកហ្វឺនរៀនសូត្រ បំប៉នម្ចាស់ការ រយៈពេលខ្លី ដល់នាយទាហាន នាយទាហានរង និងពលទាហាន ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រង វគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍ អំពីសមាសភាព និងចំនួនសិក្ខាកាម ដែលត្រូវចូលរៀន សូត្រ នៅពេលនេះ មានចំនួន ១០៧ នាក់ និងគណៈកម្មការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងក្រុមបំរើការ ចំនួន ២៥ នាក់បន្ថែមទៀត សរុបក្នុងដំណើរការវគ្គហ្វឹកហ្វឺន រៀនសូត្រនេះ មានចំនួន ១៣២ នាក់ ដែលត្រូវដំណើរការហ្វឹកហ្វឺន រៀនសូត្របំប៉ន រយៈពេល ២០ថ្ងៃ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងគណៈកម្មការគ្រប់គ្រង វគ្គហ្វឹកហ្វឺនរៀនសូត្រ ដែលបានរៀបចំកម្មវិធីបើកវគ្គហ្វឹកហ្វឺន បំប៉នម្ចាស់ការ នៅពេលនេះ បានល្អប្រសើរ ស្របតាមផែនការរបស់ថ្នាក់លើ ដែលបានដាក់ចេញ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់យោធិនទាំងអស់ ដែលជាសិក្ខាកាម ចូលរួមហ្វឹកហ្វឺនរៀនសូត្រ នៅពេលនេះ ត្រូវយកអស់កម្លាំងកាយចិត្ត ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង តាមខ្លឹមសារមេរៀន និងកាលវិភាគរៀនសូត្រ ដោយត្រូវគោរព យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបានដាក់ចេញ និងត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កាទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ។
លោកនាយចំណង់ ឈួន រ៉ុម តំណាងឱ្យសិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនរៀនសូត្របំប៉នម្ចាស់ការ រយៈពេលខ្លី នៅពេលនេះ បានឡើងប្ដេជ្ញាចិត្តគោរពឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជាផ្ទៃក្នុង របស់សាលា និងខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីយកទៅបម្រើការនៅតាមអង្គភាព រៀងៗខ្លួនវិញ ឲ្យទទួលបានលទ្ឋផលល្អ។
នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកា ចំនួន ២.១០០.០០០ រៀល មីជាតិចំនួន ៥០កេស អង្ករចំនួន ៥០០ គឺឡូក្រាម សម្រាប់ផ្គត់ផ្គង់បន្ថែម លើគោលរបបដែលបានកំណត់ និងបានឧបត្ថម្ភបរិក្ខារពេទ្យ សម្រាប់ការពារទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ក្នុងវគ្គរៀនសូត្រ នៅពេលនេះ និង សម្រាប់ប្រើប្រាស់ នៅតាមបណ្ដាអង្គភាពនីមួយៗផងដែរ៕/V.mara