​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ក្រុម​អ្នក​បង្កើត​ឱសថ​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ថ្នាំ​អង់​ទីករ​ប្រឆាំង​កូវី​ដ​១៩ ផលិត​ក្នុងស្រុក​ជា​ដំបូង​របស់​ចិន​ជាមួយនឹង​ប្រសិទ្ធភាព ៨០ ភាគរយ​ក្នុង​ការកាត់បន្ថយ​ការ​ចូល​ដេក​មន្ទីរពេទ្យ​និង​ការស្លាប់ បាន​ហក់​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​។​

​ថ្នាំ ដែល​ផ្សំ​ពី​អង់​ទីករ​ចំនួន​ពីរ គឺ Amubarvimab និង Romlusevimab (​គេ​ស្គាល់​ផងដែរ​ថា Brii-196 និង Brii-198) គឺ​ចាក់​តាម​សរសៃឈាម​។​

​វា​ត្រូវ​បាន​បង្កើតឡើង​រួមគ្នា​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ស៊ី​ង​ហួ (Tsinghua)​ដ៏​មាន​កិត្យានុភាព​របស់​ប្រទេស មន្ទីរពេទ្យ​ប្រជាជន​ទី​៣ នៃ​ទីក្រុង​សិន​ចិន (Shenzhen)​នៅ​ភាគ​​ខាងត្បូង​ប្រទេស​ចិន និង ក្រុមហ៊ុន Brii Biosciences ដែលជា​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ចុះបញ្ជី​នៅ​ហុងកុង​។​

​កាលពី​ខែ​ធ្នូ​កន្លងទៅ ថ្នាំ​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​ជាតិ​របស់​ចិន (NMPA) ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ កម្រិត​ស្រាល​និង​មធ្យម​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឈាន​​ទៅ​ដល់​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឬ​ស្លាប់​។ NMPA បាន​និយាយថា ថ្នាំ​នេះ​អាច​ប្រើ​លើ​មនុស្ស​ពេញវ័យ និង​អនីតិជន​ដែល​មាន​អាយុ​ពី ១២ ទៅ ១៧ ឆ្នាំ​ដែល​មាន​ទម្ងន់​លើសពី ៤០ គីឡូក្រាម​។​

​នៅ​ខែ​មីនា ថ្នាំ​នេះ​ត្រូវបាន​រួម​បញ្ចូល​នៅក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការណែនាំ​អំពី​ការព្យាបាល​កូវី​ដ​១៩ របស់​ប្រទេស​ជា​ការព្យាបាល​ដែល​ត្រូវ​បាន​ណែនាំ​។​

​តាម​ដឹង​ថ្នាំ​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ចំណាយ​លើ​ឱសថ​ដែល​ជួយ​ចេញ​ដោយ​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​នៅក្នុង​ខេត្ត​ជាច្រើន​ក្នុងប្រទេស​ចិន​៕

ថ្នាំ​អង់​ទីករ​ប្រឆាំង​កូវី​ដ​ផលិត​នៅ​ចិន​ចាប់ផ្តើម​លក់​លើ​ទីផ្សារ