ដោយៈ សុខុម / មណ្ឌលគិរីៈ បង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី មួយដើម កំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ។
លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បាន ឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា លោកបានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យ ឃើញថា ទឹកអូរ បានជន់ឡើង ខ្លាំង បណ្តាលឲ្យបាក់ដីមាត់ច្រាំង ខាងកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់បង្គោលព្រំដែន ដែលបានបោះរួច។
លោកអភិបាលស្រុក បានបន្តថាៈ លោកបានរាយការណ៍ ជូនដល់អាជ្ញាធរខេត្តហើយ។ ជាបណ្ដោះអាសន្ន លោកបានចាត់ក្រុមការងារ ដើម្បីយកខ្សែទាក់ចងបង្គោល កុំឲ្យធ្លាក់ ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូល ទៅតំបន់នោះបានទេ ព្រោះមេឃនៅបន្តធ្លាក់ភ្លៀងខ្លាំង។ ម្យ៉ាងទៀត ទីតាំងនោះ ស្ថិតនៅចំណោតភ្នំខ្ពស់ៗ ព្រៃ គ្មានផ្លូវចូលដល់ទេ។
លោកអភិបាលស្រុកកែវសីមា បានបញ្ជាក់ថាៈ បង្គោលព្រំដែនកម្ពុជា-វៀតណាម នោះគឺលេខ ៦០/៣៨ (១)ចំណុច UTM 72079,1340735 ស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ ប្រទេសកម្ពុជា-វៀតណាម។ ក្រោយចុះទៅដល់ ពិនិត្យឃើញថា បង្គោលលេខ៦០នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀង ធ្វើឲ្យ បាក់ដីហូរច្រោះ ជិតដល់បង្គោលហើយ៕/V.mara