ដោយ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម/ភ្នំពេញ៖នៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ សិស្សានុសិស្សថ្នាក់ទី១២ចំនួន៥០នាក់ ដឹកនាំដោយលោក ឃ្លាំង នរា នាយករង និងលោកគ្រូ-អ្នកគ្រូ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងធ្វើទស្សនកិច្ចសិក្សាទៅកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍ រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម។ ការរៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើកទី៥នេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យ ដល់អ្នកចូលរួមនិងសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២។ ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅចេតីយ៍រំឭកសម្រាប់សហគមន៍ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ជួបសន្ទនាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋានដើម្បីស្វែងយល់អំពីរឿងរ៉ាវរបស់ប្រជាជនរស់នៅក្នុងរបបខ្មែរក្រហម។
សិស្សានុសិស្ស និងលោកគ្រូ/អ្នកគ្រូ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ដើរទស្សនាពិព័រណ៍រូបថតចំនួន៨ផ្ទាំងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងស្រុកកំពង់សៀម ដែលបានស្រាវជ្រាវនិងចងក្រងដោយអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ស្វាគមន៍ និងដឹកនាំសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហមការជម្លៀសប្រជាជននិងការធ្វើការងារនៅការរដ្ឋានទំនប់ និងពិព័រណ៍រូបថតចំនួន៨ផ្ទាំងទៀតអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងស្រុកកំពង់សៀម ដែលបានស្រាវជ្រាវ និងចងក្រងដោយអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរ លោក ចិន្ដា បានធ្វើបទបង្ហាញដល់សិស្សានុសិស្សអំពីឯកសារខ្មែរក្រហម, កិច្ចការងារស្រាវជ្រាវ និងវេទិកាអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហមដែលមាននៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលសិស្សានុសិស្សអាចមកធ្វើការសិក្សាស្រាវ និងមកចូលរួម។ ឆ្លៀតក្នុងឱកាសនេះ លោក រស់ សំពៅ នាយកបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែករំលែកចំណេះដឹងអំពីប្រភេទឯកសារខ្មែរក្រហម និងរំឭកអំពីសារសំខាន់នៃការស្រាវជ្រាវសម្រាប់សិស្សានុសិស្ស។
លោក រស់ សំពៅ នាយកបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចែករំលែកចំណេះដឹងអំពីប្រភេទឯកសារខ្មែរក្រហម និងរំឭកអំពីសារៈសំខាន់នៃការស្រាវជ្រាវសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ ឈុន លាន ហាន់ជ័យ។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
ជាកិច្ចបន្ត លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ទ្រឹស្ដី និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមានរយៈពេលជិត២ម៉ោង។
កម្មវិធីចុងក្រោយនៃវេទិកាថ្នាក់រៀននេះគឺជាដំណើរទស្សនកិច្ចទៅកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍ ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេលទៅដល់ទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍នេះ សិស្សានុសិស្ស បានជួបសន្ទនាផ្ទាល់ជាមួយលោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប។ លោក សុភា បាននិយាយប្រាប់អំពីរឿងរ៉ាវជីវិត ការបាត់បង់ឳពុក និងការចាប់ខ្លួនអ្នកភូមិយកទៅសម្លាប់ដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី។ ជាចុងក្រោយ លោក សុភា បានអរគុណដល់ក្រុមការងារដែលបានរៀបចំឡើងនូវកិច្ចសន្ទនានេះដែលអាចឲ្យខ្លួនបានចែករំលែកអំពីដំណើរជីវិត និងរឿងរ៉ាវកើតឡើងក្នុងភូមិនៅក្នុងរបបខ្មែរក្រហម និងផ្ដាំផ្ញើសារដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងចូលរួមការការពារកុំឲ្យរបបខ្មៅងងឹតនេះវិលត្រឡប់មកវិញ។
បន្ទាប់ទស្សនកិច្ចសិក្សានៅទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍បានបញ្ចប់ សិស្សានុសិស្ស បង្ហាញទស្សនយល់ឃើញរបស់ខ្លួនដូចខាងក្រោម ៖
ឡុន ម៉េងហ៊ាង រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យ ឈីនលាន ហាន់ជ័យ ឈរនៅចេតីយ៍រំឭកសម្រាប់សហគមន៍នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សឈ្មោះ ឡុន ម៉េងហ៊ាង រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យ ឈីនលាន ហាន់ជ័យ បាននិយាយថា «ខ្ញុំទទួលបានចំណេះដឹងប្រវត្តិសាស្ត្រជាច្រើនចេញពីការទស្សនាផ្ទាំងរូបភាពប្រវត្តិសាស្ត្រ ការធ្វើបទបង្ហាញ និងការស្ដាប់រឿងរ៉ាវជីវិតរបស់អ៊ំប្រុស សុភា ដែលរួចផុតជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាអាណិតអាសូរដល់ប្រជាជនខ្មែរជំនាន់មុនដែលបានឆ្លងកាត់សង្គ្រាម និងរបបខ្មែរក្រហម។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲរបបនេះមកវិញម្ដងទៀត»។
អុន ម៉េងហួ រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យ ឈីនលាន ហាន់ជ័យ ឈរនៅចេតីយ៍រំឭកសម្រាប់សហគមន៍នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។(ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សឈ្មោះ អុន ម៉េងហួ រៀនថ្នាក់ទី១២-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បានចែករំលែកអ្វីដែលខ្លួនទទួលបានថា «ខ្ញុំពេញចិត្តចំពោះកម្មវិធីនេះ ពីព្រោះខ្ញុំទទួលបានចំណេះដឹងពីរបបខែ្មរក្រហមដែលបានបង្កការស្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។ ចំណេះដឹងថ្មីដែលខ្ញុំទទួលបានគឺផលវិជ្ជមានបន្សល់ទុកដោយខ្មែរក្រហម រួមមាន ការដ្ឋានទំនប់ចំនួន៥ បានប្រែក្លាយទៅជាទីកន្លែងស្ដុកទុកទឹកសម្រាប់ផ្គត់ផ្គង់ដំណាំកសិកម្ម»។
ម៉ុន សុម៉ាឡា រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្ត្រពិត នៃវិទ្យាល័យ ឈីនលាន ហាន់ជ័យ ឈរនៅចេតីយ៍រំឭកសម្រាប់សហគមន៍នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
១២) សារ៉ន ហ្គេកគីម រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្ត្រពិត នៃវិទ្យាល័យ ឈីនលាន ហាន់ជ័យ ឈរនៅចេតីយ៍រំឭកសម្រាប់សហគមន៍នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សឈ្មោះ ម៉ុន សុម៉ាឡា រៀនថ្នាក់ទី១២- A មុខវិជ្ជាវិទ្យាសាស្ត្រពិតនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បង្ហាញអារម្មណ៍របស់ខ្លួន បន្ទាប់ពីបានស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅចេតីយ៍រំឭក សម្រាប់សហគមន៍ថា «ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះអ៊ំប្រុសដែលបានរស់នៅយ៉ាងលំបាក និងបាត់បង់ឪពុកជាទីស្រឡាញ់ ដោយខ្មែរក្រហមសារបានយកឪពុកគាត់ទៅសម្លាប់។ ទុក្ខលំបាក និងការបាត់បង់ឪពុករបស់អ៊ំគឺនៅតែនៅក្នុងការចងចាំរបស់ខ្ញុំ។ ខ្ញុំនឹងយកអ្វីដែលខ្ញុំទទួលបានថ្ងៃទៅសួរឪពុកម្ដាយ និងជីដូនរបស់ខ្ញុំអំពីហេតុការដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម»។
សិស្សឈ្មោះ សារ៉ន ហ្គេកគីម រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្ត្រពិត នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យថ្នាក់ បានលើកឡើងអំពីចំណេះដឹងដែលខ្លួនទទួលបានពីវេទិកាអប់រំចុងសប្ដាហ៍នេះថា «ខ្ញុំទទួលបានចំណេះដឹងជាច្រើន និងឃើញរូបភាពជាច្រើនដែលបានបន្សល់ទុកពីសម័យប៉ុល ពត។ ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវទាំងអស់នេះ គឺឆ្លុះបញ្ចាំងរាល់ទិដ្ឋភាពនៅក្នុងមេរៀនដែលខ្ញុំរៀននៅក្នុងថ្នាក់»៕សរន
សិស្សានុសិស្សនៃវិទ្យាល័យ ឈុន លាន ហាន់ជ័យ ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)នៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ បានចោទសួរសំនួរទៅកាន់ លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បន្ទាប់ពីបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទៅកាន់សិស្សានុសិស្សបានបញ្ចប់។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ប្រតិភូសិស្សានុសិស្ស និងលោកគ្រូ/អ្នកគ្រូ នៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ ដើរទៅកាន់ទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សានុសិស្សនៃវិទ្យាល័យ ឈីន លាន ហាន់ជ័យ កំពុងស្ដាប់ការនិយាយប្រាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហមរបស់ តុង សុភា នៅទីតាំងចេតីយ៍រំឭកសម្រាប់សហគមន៍។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
ចេតីយ៍រំឭកសម្រាប់សហគមន៍ដើម្បីរំឭកការចងចាំពីអំពើប្រល័យពូជសាសន៍។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)