ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ (Abe  Shinzo ) អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលទទួលមរណភាពកាលពីពេលថ្មីនេះនៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញនារសៀលថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរសារនៅក្នុងសៀវភៅនោះថា៖«តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងរូបខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែង នូវការចូលរួមរំលែកទុក្ខនៅយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាលនិងប្រជាជនជប៉ុននឹងក្រុមគ្រួសារសពចំពោះមរណភាពរបស់ឯកឧត្តម abe shinzo អតីតនាយករដ្ឋមន្រ្តី ជប៉ុនកាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២២ ដែលជាការបាត់បង់ដ៏ធំធេងនិងឈឺចាប់មិនអាចពិពណ៌នាបាន ។ មរណភាពរបស់ឯកឧត្តម abe shinzo មិនគ្រាន់តែជាការបាត់ បង់នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុនដែលបានដឹកនាំឱ្យមានការរីកចំរើននិងលើកកំពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិនិងតំបន់ប៉ុណ្ណោះទេ ។ តែជាការបាត់បង់នូវ មិត្តភក្កិដ៏ល្អពិតប្រាកដមួយរូបរបស់ប្រជាជនកម្ពុជានិងរូបខ្ញុំផ្ទាល់ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជាជប៉ុនរហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ ២០១៣ ក៏ដូចជាបានជំរុញផ្ដល់ជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ ។ កាយវិការដ៏សប្បុរសនិងមនោសញ្ជេតនាស្មោះស្ម័គ្ររបស់ឯកឧត្តម abe shinzo នឹងត្រូវ បានចង់ចាំដិតដាមជាប់ជានិច្ចក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជាក៏ដូចជារូបខ្ញុំជារៀងរហូត។

ក្នុងកាលៈទេសៈដ៏សែនសោកសង្រែងនេះខ្ញុំសូមបួងសួងឲ្យសូមឲ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម abe shinzo បានទៅកាន់ទៅដោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។»៕