ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អង្គការសហប្រជាជាតិបានព្យាករណ៍កាលពីថ្ងៃចន្ទ ទី ១១ ខែកក្កដាថា ចំនួនប្រជាជនពិភពលោកត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨ ពាន់លាននាក់នៅថ្ងៃទី ១៥ ខែវិច្ឆិកានៅក្នុងរបាយការណ៍មួយដែលនិយាយថាឥណ្ឌានឹងវ៉ាដាច់ចិនក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើផែនដីនៅឆ្នាំ ២០២៣។
អគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយដោយមិនបញ្ជាក់លម្អិតថា ព្រឹត្តិការណ៍ចំនួនប្រជាជនសរុបច្រើនបែបនេះ”គឺជាការរំលឹកពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការថែរក្សាភពផែនដីរបស់យើង និងជាពេលមួយដើម្បីឆ្លុះបញ្ចាំងពីកន្លែងដែលយើងនៅខ្វះការប្តេជ្ញាចិត្តរបស់យើងចំពោះគ្នាទៅវិញទៅមក”។
លោកបានបន្ថែមថា “នេះគឺជាឱកាសមួយដើម្បីអបអរសាទរភាពចម្រុះរបស់យើង ទទួលស្គាល់មនុស្សជាតិទូទៅរបស់យើង និង សម្រេចបានភាពជឿនលឿនផ្នែកសុខាភិបាលដែលបានបន្លាយអាយុជីវិតនិងកាត់បន្ថយអត្រាមរណភាពមាតានិងទារកបានយ៉ាងខ្លាំង”។
ការព្យាករណ៍ដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អ.ស.ប បានលើកឡើងថា ចំនួនប្រជាជនពិភពលោកកំពុងកើនឡើងក្នុងល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ ១៩៥០ មក។
វាគួរតែឈានដល់ ៨,៥ ពាន់លាននាក់នៅឆ្នាំ ២០៣០ និង ៩,៧ ពាន់លាននាក់នៅឆ្នាំ ២០៥០ ដោយឈានដល់កម្រិតកំពូលប្រហែល ១០,៤ ពាន់លាននាក់នៅក្នុងទសវត្សរ៍ឆ្នាំ ២០៨០មុនពេលថេរនៅកម្រិតដដែលរហូតដល់ឆ្នាំ ២១០០។
របាយការណ៍បានបន្ថែមថា ខណៈការធ្លាក់ចុះនៃអត្រាកំណើតត្រូវបានសង្កេតឃើញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ការព្យាករណ៍អំពីការកើនឡើងចំនួនប្រជាជនពិភពលោកច្រើនជាងពាក់កណ្តាលក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះនឹងត្រូវប្រមូលផ្តុំនៅក្នុងប្រទេសចំនួនប្រាំបី។
ប្រទេសទាំងនោះរួមមានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានី៕
ចំនួនប្រជាជនពិភពលោកត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨ ពាន់លាននាក់នៅថ្ងៃទី ១៥ ខែវិច្ឆិកា