ដោយ: កាំពី / ក្រចេះ: ជនសង្ស័យដែលជាជនដៃដល់ ក្នុងអំពើឃាតកម្ម ដោយយកពូថៅ កាប់ទៅលើប្អូនថ្លៃស្រី បណ្ដាលឲ្យស្លាប់ ហើយព្យាយាមហែលទឹកទន្លេ ដើម្បីគេចខ្លួន តែត្រូវប៉ូលិស ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីហេតុ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ។
យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ទី ស្រីម៉ៅ ភេទស្រី អាយុ ២៧ ឆ្នាំ។ ចំណែកជនសង្ស័យ ឈ្មោះ ថា លីនណាន ភេទប្រុស អាយុ ៣៤ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិ ឃុំ កើតហេតុជាមួយគ្នា។
មូលហេតុនៃរឿង គឺថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:២០ នាទី ជនរងគ្រោះ ឈ្មោះទីង ស្រីម៉ៅ បានអង្គុយនិយាយគ្នាជាមួយបងស្រីឈ្មោះ ថា លីនេត លេីគ្រែក្រោមផ្ទះ។ ពេលនោះ ជនសង្ស័យ ឈ្មោះ ថា លីណាន បានឡេីងពីមាត់ទន្លេ ហេីយបានទាញពូថៅ កាប់ទៅលេីជនរងគ្រោះ ឈ្មោះ ទីង ស្រីម៉ៅ ត្រូវមួយពូថៅ ចំកញ្ចឹង ក ខាងក្រោយ បណ្ដាលឱ្យរងរបួសជាទម្ងន់ (ដោយគ្មានមូលហេតុ) ។ បន្ទាប់មក ក្រុមគ្រួសារ បានបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសល ពេលទៅដល់មន្ទីពេទ្យបង្អែក ស្រុកសំបូរ ភ្លាមៗនោះ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្ដង។
ចំណែកជនសង្ស័យ ក្រោយពេលធ្វេីសកម្មភាពរួច បានរត់គេចខ្លួនបាត់ លុះដល់វេលាម៉ោង ១០ ព្រឹកថ្ងៃដដែល កម្លាំងជំនាញស្រុកសំបូរ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បឹងចារ និងកម្លាំងប្រជាការពារ បានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថា លីណាន បាននៅចំណុចកណ្ដាលទឹកទន្លេមេគង្គ ខណៈពេលដែល ជនសង្ស័យកំពុងហែលទឹក បម្រុងគេចខ្លួន តែត្រូវបានសមត្ថកិច្ច ចាប់បាន ហេីយនាំយកមកសាកសួរ នៅអធិការដ្ឋាន។
តាមរបាយការណ៍ បញ្ជាក់ទៀតថាៈ ក្រោយពីសាកសួររួច ជនសង្ស័យឈ្មោះ ថា លីណាន បានឆ្លេីយសារភាពថា ឱ្យតែឃេីញឈ្មោះ ទីង ស្រីម៉ៅ (ជាប្អូនថ្លៃ) ខ្លួនមានចិត្តខឹង ហេីយស្អប់ ទេីបខ្លួនយកពូថៅ កាប់ទៅលេីឈ្មោះ ទីង ស្រីម៉ៅ តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ថា លីណាន បានត្រូវសមត្ថកិច្ច កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកសំបូរ ដេីម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការ តាមនីតិវិធីបន្ត៕/V