ដោយៈ វណ្ណៈ / ព្រះសីហនុ​: រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​អំពាវនាវ​ដល់​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​តំបន់ឆ្នេរ និង​សមុទ្រ ឲ្យ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ ជូនដំណឹង ដល់​ប្រជា​នេសាទ​សមុទ្រ និង​ពលរដ្ឋ រួម​នឹង​អាជីវកម្ម​ទេសចរណ៍​ផ្សេងៗ លើ​ដែនសមុទ្រ ឲ្យ​ប្រុងប្រយ័ត្ន និង​ផ្អាក​សកម្មភាព​ជាបន្ទាន់ ដោយ​ស្ថានភាព​ធាតុអាកាស លើ​ផ្ទៃសមុទ្រ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះ ចាប់ពី​ពេលព្រឹក រហូតមកដល់​ថ្ងៃត្រង់ ខ្យល់​ធ្លាក់​ពី​ទិស ខាងលិច មាន​ល្បឿន​ខ្យល់​ពី ៤៦,៣ ដល់ ៧០,៣ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ចំណែក​រលក សមុទ្រ មាន​កម្ពស់​ពី ៣ ទៅដល់ ៤ ម៉ែត្រ​។

​តាម​ការព្យាករណ៍​សម្រាប់​ពេល​ល្ងាច​ថ្ងៃ​ដដែល មន្ត្រី បានបញ្ជាក់​ថាៈ ពេល​ល្ងាច ខ្យល់​មាន កម្រិត​ល្បឿន​ដូចគ្នា និង​ពេលព្រឹក​ដែរ មិនមាន​កា​ថមថយ​នៅឡើយ​ទេ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ បានប្រកាសថាៈ កម្ពុជា ក៏​ទទួលរង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូសបន្លាយ​លើ​ប្រទេស​ថៃ ភ្ជាប់​ទៅ​សម្ពាធ​សកម្ម​មួយ លើ​ឈូង​សមុទ្រ​ចិន បង្កើតជា​សម្ពាធ​ទាប មកលើ​ដែនសមុទ្រ និង​ភាគ​ខាងក្រោម​កម្ពុជា បានធ្វើ​ឲ្យ​បណ្តា​ខេត្ត រាជធានី មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ រួម​ដោយ​ផ្គរ រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់​ផងដែរ​។ ជាពិសេស ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ​។​

​ជុំវិញ​ធាតុអាកាស​បែបនេះ អាជ្ញាធរខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​ពលរដ្ឋ ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​ឆ្លង​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន ជួប​គ្រោះធម្មជាតិ ៕/V​